(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា នឹងឈានចូលដំណាក់កាលថ្មីមួយ ក្នុងពេលឆាប់ៗ។ «ដំណាក់កាលវាយប្រហារទ្រង់ទ្រាយធំ ក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស ជិតនឹងបិទបញ្ចប់ហើយ។ នេះមិនមែនមានន័យថា សង្រ្គាមកំពុងបិទបញ្ចប់នោះទេ ប៉ុន្តែគ្រាន់តែសង្រ្គាម ក្នុងដំណាក់កាលវាយប្រហារទ្រង់ទ្រាយធំ ជិតនឹងដល់ទីបញ្ចប់»។ នេះជាការគូសបញ្ជាក់របស់លោក Netanyahu ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២៣ ខែមិថុនា។​

ជាមួយការអត្ថាធិប្បាយបែបនេះ លោក Netanyahu បានបញ្ជាក់រឿង២យ៉ាងច្បាស់ នោះគឺបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា មិនអាចកើតឡើងភ្លាមៗនោះទេ ហើយគោលដៅប្រយុទ្ធបន្ទាប់ អាចជាក្រុម Hezbollah នៅក្នុងប្រទេសលីបង់ ដែលមានអ៉ីរ៉ងជាខ្នងបង្អែក និងជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស។ បន្ទាប់ពីប្រកាសដកកងទ័ពចេញពី តំបន់ហ្កាហ្សាជាបណ្ដើរៗ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ បានសង្កតធ្ងន់ថា «យើងអាចនឹងដាក់ពង្រាយកងទ័ព ទៅកាន់ព្រំដែនភាគខាងជើង»។ លោក Netanyahu មិនបាននិយាយពីការធ្វើសង្រ្គាមជាមួយលីបង់ជាសង្រ្គាមមួយ ដែលអាចនឹងបង្កការខាតបង់ធ្ងន់ធ្ងរ ទាំងខាងអ៉ីស្រាអែល និងលីបង់ នោះទេ ដោយលោកបានបើកទ្វារចំហ សម្រាប់ដំណោះស្រាយការទូតជាមួយ Hezbollah។ ជាការពិតណាស់ ដំណោះស្រាយការទូតក្នុងតំបន់ហ្កាហ្សា នៅតែស្ថិតក្នុងភាពស្រពេចស្រពិល ហើយមួយផ្នែកគឺដោយសារ រដ្ឋាភិបាលចម្រុះរបស់លោក Netanyahu ទំនងជាអាចនឹងដួលរលំ ប្រសិនបើអ៉ីស្រាអែលបញ្ឈប់សង្រ្គាមនៅហ្កាហ្សា ទាំងមិនទាន់កម្ទេចអំណាចគ្រប់គ្រងហ្កាហ្សា របស់ហាម៉ាស ទេនោះ។

នៅម្ខាងទៀត លោក Netanyahu ក៏ហាក់ឱ្យសញ្ញាដែរថា នៅបន្ទាប់ពីបញ្ចប់ប្រតិបត្តិការយោធាបច្ចុប្បន្នក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងបំផុត នៃតំបន់ហ្កាហ្សា អ៉ីស្រាអែល នឹងមិនបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើ បណ្ដាទីក្រុងនៃភាគកណ្ដាល តំបន់ហ្កាហ្សាឡើយ ដែលជាតំបន់មួយនៃដែនដីហ្កាហ្សា ទីដែលយោធាអ៉ីស្រាអែលមិនទាន់វាយប្រហារ ទ្រង់ទ្រាយធំ។ ការអត្ថាធិប្បាយ របស់លោក Netanyahu និងការលើកឡើងថ្មីៗនេះ របស់រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ដែលបានបំពេញទស្សនកិច្ច ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ អាចបញ្ជាក់បានថាគោលដៅបន្ទា ប់ដែលអ៉ីស្រាអែលត្រូវផ្តោត នោះគឺតំបន់ព្រំដែនភាគខាងជើងជាប់ជាមួយលីបង់។

ដូច្នេះខាងក្រោមនេះគឺជាសេណារីយ៉ូទាំង ៤ សម្រាប់ដំណាក់កាលបន្ទាប់ ក្នុងសង្រ្គាមហ្កាហ្សា៖

១. ធ្វើប្រតិបត្តិការវាយឆ្មក់ក្នុងតំបន់ហ្កាហ្សា តែទ្រង់ទ្រាយតូច
នៅពេលប្រតិបត្តិការក្នុងទីក្រុង Rafah បិទបញ្ចប់នៅប៉ុន្មានសប្ដាហ៍ខាងមុខ យោធាអ៉ីស្រាអែលត្រូវបានគេរំពឹងថាអាចនឹងផ្ដោតលើ ប្រតិបត្តិការរំដោះចំណាប់ខ្មាំង នៅទាំងតំបន់ហ្កាហ្សា ដូចគ្នាទៅនឹងប្រតិបត្តិការមួយ ដែលយោធាអ៉ីស្រាអែលបានរំដោះចំណាប់ខ្មាំង៤នាក់ កាលពីដើមខែមិថុនា និងសម្លាប់ជនជាតិប៉ាឡេស្ទីន ជាច្រើននាក់។ ក្រុមមន្ត្រីយោធាអ៉ីស្រាអែល ក៏បាននិយាយដែរថាពួកគេនឹងបន្តដឹកនាំ ការវាយឆ្មក់ក្នុងរយៈពេលខ្លី នៅតាមតំបន់ដែលពួកគេដណ្ដើមបាន អំឡុងប្រតិបត្តិការដំណាក់កាលដំបូងនៃ សង្រ្គាមហ្កាហ្សា ដើម្បីរារាំងកុំឱ្យក្រុមហាម៉ាស ប្រមូលផ្ដុំកម្លាំងឡើងវិញ។ គំរូសម្រាប់ប្រតិបត្តិការរបៀបនេះ ក្នុងនោះរួមមានទាំងការឆ្មក់របស់ យោធាអ៉ីស្រាអែល លើមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សាកាលពីខែមីនា ឬក៏ប្រតិបត្តិការវាយឆ្មក់រយៈពេល៣សប្ដាហ៍ កាលពីខែឧសភាកន្លងទៅ ក្នុងទីក្រុង Jabaliya ដែលកងកម្លាំងអ៉ីស្រាអែលដណ្ដើមកាន់កាប់ កាលពីខែវិច្ឆិកា។

២. អំណាចនៅទំនេរក្នុងតំបន់ហ្កាហ្សា
ដោយដកកងទ័ពភាគច្រើនចេញពីតំបន់ហ្កាហ្សា ដោយមិនប្រគល់អំណាចទៅឱ្យមេដឹកនាំប៉ាឡេស្ទីនផ្សេងណាមួយ អ៉ីស្រាអែលប្រហែលជានឹង បណ្ដោយទុកឱ្យ មេដឹកនាំហាម៉ាស បន្តគ្រប់គ្រងតំបន់ហ្កាហ្សាសិន យ៉ាងហោចក្នុងពេលបច្ចុប្បន្ន។ វាអាចទៅរួចថាប្រសិនបើបើកការវាយឆ្មក់ជាប្រចាំ យោធាអ៉ីស្រាអែល អាចនឹងរារាំងមិនឱ្យក្រុមហាម៉ាស ប្រមូលផ្ដុំកម្លាំងឡើងវិញ ប៉ុន្តែព្រមពេលជាមួយ ការធ្វើបែបនេះក៏អាចអូសបន្លាយពេល ទុកឱ្យអំណាចក្នុងតំបន់ហ្កាហ្សា នៅទំនេរផងដែរ ដែលនេះអាចជំរុញឱ្យ ក្រុមប្រដាប់អាវុធផ្សេងទៀត ងើបឡើងប្រជែងដណ្ដើមឥទ្ធិពលជាមួយក្រុមហាម៉ាស។ ការទុក​អំណាចឱ្យទំនេរក៏អាចនឹងបង្ក ការលំបាកដល់ការកសាងតំបន់ហ្កាហ្សាឡើងវិញ ការចែកចាយជំនួយ ​និងការផ្សះភាពឈឺចាប់របស់ជនស៊ីវិលហ្កាហ្សាដែរ។ បន្ថែមពីលើនេះ អ៉ីស្រាអែល ត្រូវបានរំពឹងថា អាចនឹងបន្តគ្រប់គ្រងព្រំដែនរបស់ហ្កាហ្សាជាប់ជាមួយអេហ្ស៉ីប ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ នៅទៅនោះ ព្រមទាំងបន្តកាន់កាប់តំបន់មួយ ដែលខណ្ឌចែកភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដើម្បីរារាំងការធ្វើសកម្មភាព ដោយសេរីរវាងតំបន់ទាំង២នេះ។

៣. សង្រ្គាមជាមួយក្រុម Hezbollah ឬបន្ធូរបន្ថយភាពតានតឹង
តាមរយៈការបញ្ជូនកងទ័ពបន្ថែម ទៅកាន់ព្រំដែនភាគខាងជើងរបស់ខ្លួន វាបានផ្ដល់ហេតុផលមួយឱ្យគេគ្រប់គ្នាគិតជាជំហានដំបូងថា យោធាអ៉ីស្រាអែល អាចនឹងឈ្លានពានចូល លីបង់ ដើម្បីអាចបង្ខំឱ្យក្រុមអ្នកប្រយុទ្ធ Hezbollah ដកចេញឱ្យឆ្ងាយពីក្បែរ ទឹកដីអ៉ីស្រាអែល។ ប៉ុន្តែ ការដាក់ពង្រាយកងទ័ពណាមួយ អាចនឹងជំរុញឱ្យមានការវាយប្រហារដោយ​ គ្រាប់រ៉ុក្កែតពីសំណាក់ក្រុម Hezbollah ដែលអាចនឹងបង្កើនហានិភ័យ នៃការគណនាខុសនាំទៅរក សង្រ្គាមទ្រង់ទ្រាយធំ។ មេដឹកនាំ Hezbollah លោក Hassan Nasrallah បានព្រមានកាលពីសប្ដាហ៍មុនថា ចលនាប្រដាប់អាវុធរបស់លោក អាចនឹងឈ្លានពានអ៉ីស្រាអែល ហើយថាហានិភ័យ នៃការផ្ទុះជម្លោះនាពេលសព្វថ្ងៃ ស្ថិតនៅក្នុងកម្រិតកាន់កៀក ជាងកាលពីប៉ុន្មានខែមុនទៅទៀត។ តែក្នុងពេល ដំណាលគ្នា​ ការប្រកាសរបស់អ៉ីស្រាអែលថា ខ្លួនកំពុងឈានចូលក្នុងដំណាក់កាលថ្មីក្នុងសង្រ្គាមហ្កាហ្សា ក៏អាចផ្ដល់ហេតុផល សម្រាប់ការបន្ធូរបន្ថយជម្លោះដែរ។ ពោលគឺការបន្ថយការប្រយុទ្ធគ្នាក្នុងតំបន់ហ្កាហ្សា អាចនឹងឱ្យក្រុម Hezbollah នូវលេស ឬហេតុផលបន្ធូរបន្ថយភាពតានតឹងដូចគ្នាដែរ។ កាលពីខែកុម្ភៈ លោក Nasrallah ចលនាប្រដាប់អាវុធរបស់លោក​នឹងបញ្ឈប់ការវាយប្រហារ នៅពេលដែលការវាយប្រហារក្នុងតំបន់ហ្កាហ្សាបញ្ឈប់ដែរ។

ម្យ៉ាងវិញទៀត ស្ថានភាពធូរស្រាលនៅតាមបណ្ដោយព្រំដែនជាមួយលីបង់ ក៏អាចនឹងជំរុញឱ្យប្រជាជនអ៉ីស្រាអែល ដែលបានភៀសខ្លួនអាចត្រឡប់ទៅ ផ្ទះរបស់ពួកគេវិញ ហើយអាចបន្ធូរបន្ថយការដាក់ សម្ពាធលើរដ្ឋាភិបាលអ៉ីស្រាអែល ឱ្យចាត់វិធានការក្ដៅប្រឆាំងនឹងក្រុម Hezbollah ទៀតផង។ ហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ៗដែល មេដឹកនាំអ៉ីស្រាអែលចង់ពិចារណាឈ្លានពានលីបង់ នោះគឺការបង្កើតលក្ខខណ្ឌដែលឱ្យប្រជាជនអ៉ីស្រាអែល ដែលភៀសខ្លួនពីជម្លោះត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

៤. បន្តតានតឹងជាមួយរដ្ឋបាលលោក ចូ បៃដិន
ការប្រកាសកាត់បន្ថយចំនួនកងទ័ពក្នុងតំបន់ហ្កាហ្សារបស់លោក Netanyahu បានបន្ធូរបន្ថយប្រភពមួយនៃភាពប្រេះឆា ជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប៉ុន្តែភាពតាននឹងដទៃទៀតនៅតែមានឡើយ។ លោក បៃដិន បានរិះគន់យុទ្ធសាស្ត្រធ្វើសង្រ្គាម របស់អ៉ីស្រាអែល បើទោះជារដ្ឋបាលរបស់លោក បន្តផ្ដល់កញ្ចប់ថវិកា និងផ្គត់ផ្គង់អាវុធក៏ដោយ។ ជាការពិតណាស់ ការបន្ថយការបំផ្លិចបំផ្លាញក្នុងសង្រ្គាមហ្កាហ្សា អាចបញ្ចុះកម្ដៅតានតឹងជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រសង្គ្រាមរបស់ អ៉ីស្រាអែល។ ក៏ប៉ុន្តែ ការបដិសេធរបស់លោក Netanyahu ក្នុងការបញ្ជាក់ឱ្យបានច្បាស់ពី «ផែនការនៅក្រោយសង្រ្គាមហ្កាហ្សា» រួមទាំងការរក្សាទុកលទ្ធភាពធ្វើសង្រ្គាមជាមួយលីបង់ នឹងនៅតែបន្តបង្កភាពតានតឹង ជាមួយទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន ចង់ឱ្យការប្រយុទ្ធគ្នាជាមួយក្រុម Hezbollah បិទបញ្ចប់ ហើយបានដាក់សម្ពាធលើលោក Netanyahu អស់រយៈពេលជាច្រើនមកហើយ ឱ្យប្រគល់អំណាចគ្រប់គ្រងតំបន់ហ្កាហ្សា ទៅឱ្យមេដឹកនាំប៉ាឡេស្ទីនផ្សេងណាមួយ តួយ៉ាងដូចជាអាជ្ញាធរប៉ាឡេស្ទីន កំពុងគ្រប់គ្រងតំបន់ West Bank។ តែលោក Netanyahu នៅតែបន្តរក្សាទុកឱ្យ អនាគតមិនច្បាស់លាស់របស់តំបន់ហ្កាហ្សា ចំពោះមុខសម្ពាធពី ក្រុមអ្នកនយោបាយស្ដាំនិយមជ្រុលអ៉ីស្រាអែល ជាដៃគូក្នុងជួររដ្ឋាភិបាលចម្រុះរបស់លោក ដែលទទូចចង់ឱ្យអ៉ីស្រាអែលជាអ្នកគ្រប់គ្រង និងបញ្ជូនជនជាតិអ៉ីស្រាអែលឱ្យទៅរស់នៅ ក្នុងតំបន់ហ្កាហ្សាឡើងវិញ៕