(តេហេរ៉ង់)៖ នៅថ្ងៃសុក្រនេះ ប្រទេសអ៉ីរ៉ង់បានចាប់ផ្តើមរៀបចំការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីប្រធានាធិបតីមុន គឺលោក Ebrahim Raisi បានទទួលមរណភាព ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤។

ស្របពេលដែលការបោះឆ្នោតខាងលើ ទំនងជានឹងមិននាំមកនូវ ការផ្លាស់ប្តូរធំដុំអ្វីឡើយនោះ ក្នុងគោលនយោបាយរបស់អ៉ីរ៉ង់ លទ្ធផលរបស់វា អាចនឹងជះឥទ្ធិពលដល់ការបន្តវេនពីលោក ​Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលវ័យ៨៥ឆ្នាំ របស់សាធារណរដ្ឋអ៉ីស្លាម​មួយនេះ និងដែលបានកាន់អំណាចអស់រយៈពេល ៣ទសវត្សរ៍កន្លះមកហើយ។ លោក Khamenei បានអំពាវនាវឱ្យមាន ការចូលរួមបោះ​ឆ្នោតជាអតិបរមា បន្ទាប់ពីចំនួនអ្នកបោះឆ្នោតបានបន្តធ្លាក់ចុះ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ចំពោះមុខការមិនពេញចិត្តរបស់ពលរដ្ឋអ៉ីរ៉ង់ ជុំវិញទុក្ខលំបាកផ្នែកសេដ្ឋកិច្ច បូករួមជាមួយការរឹតត្បិតលើ សិទ្ធិសេរីភាពនយោបាយនិងសង្គម។

មណ្ឌលបោះឆ្នោត ត្រូវបានបើកទ្វារនៅវេលាម៉ោង៨ព្រឹក ហើយនឹងបិទទៅវិញនៅម៉ោង៦ល្ងាច ប៉ុន្តែជាទូទៅតែង ត្រូវបានពន្យារពេលដល់ពាក់​កណ្តាលយប់ក៏មាន។ ការរាប់សន្លឹកឆ្នោតនៅអ៉ីរ៉ង់ គឺធ្វើឡើងដោយដៃ ខណៈលទ្ធផលចុងក្រោយ ត្រូវរំពឹងថា នឹងប្រកាសក្នុងរយៈពេលប្រមាណ​២ថ្ងៃ ប៉ុន្តែលទ្ធផលបឋម អាចនឹងចេញឆាប់ជាងនេះ។ ប្រសិនបើពុំមានបេក្ខជនណា ឈ្នះបានសំឡេងយ៉ាងហោច៥០ភាគរយ បូក១ទេនោះ ការបោះឆ្នោតជុំទី២ រវាងបេក្ខជនកំពូល២រូប នឹងត្រូវរៀបចំឡើង នៅថ្ងៃសុក្រដំបូង ក្រោយលទ្ធផលឆ្នោត ត្រូវបានប្រកាស។

ក្រុមប្រឹក្សាដ៏តឹងរ៉ឹងមួយ ដែលស្មោះស្ម័គ្រចំពោះលោក Khamenei គឺជាអ្នកត្រួតពិនិត្យលក្ខណៈសម្បត្តិរបស់បេក្ខជន ដែលឈរឈ្មោះបោះឆ្នោត។ ក្រុមប្រឹក្សានោះ បានអនុម័តយល់ព្រម ចំពោះបេក្ខជនត្រឹម៦រូបប៉ុណ្ណោះ ពីបញ្ជីឈ្មោះបេក្ខជនសរុបដំបូងចំនួន៨០នាក់។ ក្រោយមកទៀត បេក្ខជន២នាក់ ក៏បានដកខ្លួនចេញ ដោយបច្ចុប្បន្ននៅសល់៤នាក់ ដែលមានឈ្មោះក្នុងសន្លឹកឆ្នោត។ ក្នុងនោះចំណោម បេក្ខជនលេចធ្លោ​ជាងគេ រួមមានលោក Mohammad Baqer Qalibaf ដែលជាប្រធានសភាអ៉ីរ៉ង់ និងជាអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍ ព្រមទាំងលោក Saeed Jalili ជាអតីតមន្រ្តីចរចាបញ្ហានុយក្លេអ៊ែរ ដែលធ្លាប់បម្រើការងារ៤ឆ្នាំ ក្នុងការិយាល័យរបស់លោក Khamenei។

គួរបញ្ជាក់ថា នៅក្នុងប្រទេសអ៉ីរ៉ង់ លោក Khamenei គឺជាបុគ្គលកំពូលដែលមានសិទ្ធិសម្រេច លើកាងារសំខាន់ៗគ្រប់យ៉ាងរបស់រដ្ឋ។ ប្រធានាធិបតីមានតួនាទី ដឹកនាំប្រតិបត្តិការប្រចាំថ្ងៃរបស់រដ្ឋាភិបាល និងអាចជះឥទ្ធិពលតិចតួចលើ ឥរិយាបថនៃគោនយោបាយក្នុងស្រុក ​និងការបរទេសរបស់អ៉ីរ៉ង់៕