(ឡាប៉ាស)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីបូលីវី លោក Luis Arce បានចេញមុខប្រកែកថា រូបលោកពុំបានសមគំនិត ​ជាមួយមេទ័ព ដែលត្រូវបានចាប់ខ្លួន ក្រោយដឹកនាំការធ្វើរដ្ឋប្រហារយោធាបរាជ័យ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤។

កាលពីថ្ងៃពុធសប្តាហ៍នេះ កងទ័ពនិងរថក្រោះមួយចំនួន ត្រូវបានដាក់ពង្រាយនៅទីលាន Plaza Murillo ហើយព្យាយាមសម្រុកចូល ក្នុង​វិមានប្រធានាធិបតីបូលីវី នៅរដ្ឋធានី La Paz ក្រោមការដឹកនាំរបស់ មេបញ្ជាការកងទ័ពជើងគោក លោក Juan Jose Zuniga ដែលទើបត្រូវបានដកហូតតួនាទី។ ប៉ុន្តែ​ប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីលោក Arce ប្រកាសតែងតាំងមេបញ្ជាការទ័ពជើងគោកថ្មី កងកម្លាំងនិងរថក្រោះ ក៏ត្រូវបានដកថយចេញទៅវិញ ហើយលោក Zuniga ត្រូវបានចាប់ខ្លួន។ លោក Zuniga បានអះអាងថា រូបលោកតាមពិតបានធ្វើបែបនោះ តាមការបញ្ជារបស់លោក Arce ដែលសង្ឃឹមថា វាអាចនឹងជួយបង្កើនប្រជាប្រិយភាពរបស់ លោកប្រធានាធិបតីឡើងវិញ ក្រោយបានធ្លាក់ចុះ។

លោក Arce បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Zuniga បានប៉ុនប៉ងធ្វើរដ្ឋប្រហារយោធានោះ ដោយខ្លួនឯងផ្ទាល់ ដោយលោក​មិនបានផ្តួចផ្តើមសមគំនិត ឬដឹងមុនអំពីផែនការនេះឡើយ។ លោក Arce បាននិយាយដូច្នេះថា «តើនរណាម្នាក់ អាចរៀបចំផែនការ ឬ​ចេញបញ្ជាឱ្យធ្វើរដ្ឋប្រហារយោធាលើខ្លួនឯង បានដូចម្តេចទៅ?»។ កងកម្លាំងប៉ូលិសបង្រ្កាបកុបកម្ម ត្រូវបានដាក់ពង្រាយ ដើម្បីយាមកាម​យ៉ាងដិតដល់ នៅតាមអគាររដ្ឋាភិបាល ក្រោយមានរដ្ឋប្រហារយោធាបរាជ័យនោះ។

គួរបញ្ជាក់ថា មនុស្សសរុប១៧នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានទាំងបុគ្គលិកយោធា ដែលកំពុងបម្រើការនិងចូលនិវត្តន៍។ មេបញ្ជាការកងទ័ពជើងទឹក លោក Juan Arnez Salvador ក៏ត្រូវបានចាប់ខ្លួនផងដែរ។ លោក Salvador និង លោក Zuniga ប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ​២០ឆ្នាំ ក្រោមការចោទប្រកាន់ពី បទភេរវកម្ម និងបទបះបោរប្រដាប់អាវុធ៕