(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវនៅថ្ងៃសុក្រនេះ ឱ្យកសាងស្ពានក្នុងវិស័យសេដ្ឋកិច្ចសកល ខណៈដែលទីក្រុងប៉េកាំង កំពុងដោះស្រាយបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងដែនដីជាមួយប្រទេសជិតខាង ក៏ដូចជាដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០២៤។

ថ្លែងក្នុងសន្និសីទដើម្បីរំលឹកដល់គោលការណ៍ណែនាំរបស់ចិនសម្រាប់កិច្ចការបរទេស ដែលបង្កើតឡើងជាលើកដំបូងកាលពី ៧០ឆ្នាំមុន លោក Xi និយាយថា ចិននឹងមិនចាកចេញពីផ្លូវនៃការអភិវឌ្ឍដោយសន្តិភាពឡើយ។ លោក Xi បានប្រាប់អ្នកចូលរួមសន្និសីទ ដែលរួមមានអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក Thein Sein និងអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nong Duc Manh ថា ចិន​ក៏​នឹង​មិន​ធ្វើខ្លួនជា​រដ្ឋខ្លាំង ដែល​ព្យាយាម​ត្រួតត្រា​អ្នក​ដទៃនោះ​ដែរ។ លោក Xi គូសបញ្ជាក់ថា «ប្រឈមមុខនឹង ប្រវត្តិសាស្រ្តនៃសន្តិភាព ឬសង្រ្គាម ភាពរុងរឿង ឬឯកភាព ឬការប្រឈមមុខដាក់គ្នាច្រើនជាងពេលណាៗទាំងអស់ យើងត្រូវបន្តស្មារតី និងអត្ថន័យនៃគោលការណ៍ទាំង ៥ នៃការរួមរស់ដោយសន្តិភាព»

គួរបញ្ជាក់ថា គោលការណ៍ទាំង ៥ នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ១៩៥៤ បានលេចចេញជារូបរាងឡើង ជាមួយឥណ្ឌាដែលជា ប្រទេសគូប្រជែងក្នុងតំបន់ ជុំវិញបញ្ហាព្រំដែន Himalayan។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០មក បក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់ចិន បានចាកចេញពីការមិនទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ ដោយប្រែខ្លួនទៅជា ប្រទេសមានឥទ្ធិពលខ្លាំងផ្នែកការទូត និងមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់ពិភពលោក៕