(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេស ក៏ដូចជារដ្ឋមន្រ្តីការពារជាតិនៃប្រទេសជប៉ុន និងហ្វីលីពីន ត្រូវជួបប្រជុំគ្នាក្នុងទីក្រុងម៉ានីល នៅខែក្រោយនេះ សម្រាប់កិច្ចពិភាក្សាដែលអាចរាប់បញ្ចូល ទាំងកិច្ចព្រមព្រៀងស្តីពីវិស័យការពារជាតិមួយ ដែលនឹងអនុញ្ញាតឱ្យកងកម្លាំងយោធា ប្រទេសទាំងពីរ ធ្វើទស្សនកិច្ចទៅវិញទៅមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០២៤។

ក្រសួងការបរទេសហ្វីលីពីន បានប្រកាសថា រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Yoko Kamikawa និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Minoru Kihara ត្រូវមកជួបសមភាគីហ្វីលីពីន នៅថ្ងៃទី៨ ខែកក្កដា សម្រាប់កិច្ចប្រជុំទម្រង់២+២។ កិច្ចប្រជុំនេះធ្វើឡើង នៅពេលដែលហ្វីលីពីន និងជប៉ុន កំពុងចរចាលើកកិច្ចព្រមព្រៀង ស្តីពីការធ្វើទស្សនកិច្ចកងទ័ពទៅវិញទៅមក ហៅកាត់ RAA ដែលនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិ រវាងសម្ព័ន្ធមិត្តជិតស្និទ្ធទាំងពីរក្នុងតំបន់អាស៉ីរបស់សហរដ្ឋអាមេរិក កាន់តែស៉ីជម្រៅ។

គួរបញ្ជាក់ថា ហ្វីលីពីន បាននិងកំពុងបង្កើនទំនាក់ទំនង ជាមួយប្រទេសជិតខាងក្នុងតំបន់ ក៏ដូចជាប្រទេសដ៏ទៃទៀត ដើម្បីទប់ស្កាត់ នូវអ្វីដែលខ្លួន ចាត់ទុកថាជាការបង្កសកម្មភាពឈ្លានពានពីសំណាក់ចិន។ ម្យ៉ាងទៀត ជប៉ុន និងចិនឯណោះវិញ កំពុងមិនសប្បាយចិត្ត ជុំវិញបញ្ហាទឹកដីសមុទ្រចិនខាងកើត គឺប្រជុំកោះតូចៗដែលគ្មានមនុស្សរស់នៅ ដោយប៉េកាំងហៅថាកោះ Diaoyu រីឯតូក្យូ ហៅថាកោះ Senkaku៕