(ប៉េកាំង)៖ នាពេលបច្ចុប្បន្ននេះ នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វីលីពីនគឺជាប្រទេសដែលជិតស្និតនឹងសហរដ្ឋអាមេរិកជាងគេ ។ ប៉ុន្តែពួកគេប្រហែលនឹងខកចិត្តយ៉ាងខ្លាំង ពីព្រោះពាក្យសម្តីរបស់អតីតមន្ត្រីបរទេសមួយចំនួន អំពីទំនាក់ទំនងរវាងហ្វីលីពីននិងអាមេរិក នាពេលថ្មីៗ កន្លងទៅនេះបានប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង ដល់អ្នកនយោបាយហ្វីលីពីនដ៏ឆោតល្ងង់។

នៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាននាពេលថ្មីៗនេះ លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចោទជាមន្ទិលសង្ស័យចំពោះ ការដើរតួរបស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍។ លោកបានថ្លែងថា សហរដ្ឋអាមេរិកមិនមែនជាប្រទេស ក្នុងតំបន់សមុទ្រចិនខាងត្បូងទេ ប៉ុន្តែវាប្រហែលជាចូលចិត្កញុះញង់ឱ្យមាន ការប្រឈមមុខដាក់គ្នារវាងប្រទេសនានា រហូតដល់ "ដឹកនាំ" ពួកគេឱ្យដើរទៅរកសង្រ្គាម ។ ព្រោះថា ល្គឹកណាដែលផ្ទុះសង្គ្រាម នោះ សហរដ្ឋអាមេរិក ក៏អាចលក់សព្វាវុធជាច្រើនទៅឱ្យក្រៅប្រទេស។

លើសពីនេះទៅទៀត ខណៈពេលដែលអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងដោយវិទ្យាស្ថានសិក្សាស្រាជ្រាវ Schiller ដែលជាធនាគារគំនិតរបស់អាល្លឺម៉ង់ នាពេលថ្មីៗកន្លងទៅនេះ លោក Richard Black អតីតសមាជិកព្រឹទ្ធសភាអាមេរិក និងជាវរសេនីយឯកចូលនិវត្តន៍ បានក្រើនរំលឹកដល់ប្រទេសហ្វីលីពីនថា ត្រូវធ្វើការវាយតម្លៃដោយអត់ធ្មត់ កុំឱ្យក្លាយជា ឧបករណ៍នយោបាយ របស់សហរដ្ឋអាមេរិក ហើយជៀសវាងកុំឱ្យធ្វើតាមផ្នែកយោធាអាមេរិក ដែលញៀននឹងសង្រ្គាមត្រូវអូស ឱ្យចូលក្នុងការប៉ះទង្គិចប្រដាប់អាវុធ ព្រោះថា ទីបំផុតវាបានត្រឹមតែនាំមកនូវផលវិបាក ដែលមានលក្ខណៈមហន្តរាយដល់ប្រជាជនហ្វីលីពីន តែប៉ុណ្ណោះ។ បើនិយាយចំពោះហ្វីលីពីន ពាក្យសម្តីទាំងនេះគឺ គួរឱ្យអស់សង្ឃឹមយ៉ាងខ្លាំង។

ប្រសិនបើនិយាយថា គោលនយោបាយអាស៊ីប៉ាស៊ីហ្វិករបស់លោក Obama អតីតប្រធានាធិបតីអាមេរិកបានចាប់ផ្តើម ការប្រកួតប្រជែងរវាងចិននិងអាមេរិក នោះ ចំណែករដ្ឋាភិបាលអាមេរិកពីរអាណត្តិចុងក្រោយ គឺបានធ្វើការប្រកួតប្រជែងជា យុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន។ ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលរបស់លោក ចូ បៃដិន ឡើងកាន់អំណាច សហរដ្ឋអាមេរិកបានកែលម្អទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្តជាថ្មីឡើងវិញ ហើយបានអូសទាញសម្ព័ន្ធមិត្តយ៉ាងសកម្ម ដើម្បីបង្កការបដិបក្ខគ្នាជាមួយប្រទេសចិន។

ក្នុងបរិបទបែបនេះ សហរដ្ឋអាមេរិកបានបង្កើនការឃោសនាបំប៉ោង លើគោលនយោបាយរបស់ខ្លួនចំពោះប្រទេសហ្វីលីពីន ដែលជាអ្វីដែលហៅថា ដៃគូសហប្រតិបត្តិការនៅអាស៊ីដែលបានកាន់ជើងយ៉ាងកម្រោល លើភាគីហ្វីលីពីនក្នុងបញ្ហាសមុទ្រចិនខាងត្បូង វាយប្រហារប្រទេសចិនដែលបានបង្ក ការគំរាមកំហែងចំពោះប្រទេសហ្វីលីពីន ហើយក៏បានរំលឹកឡើងវិញម្តងហើយម្តងទៀត នូវពាក្យសន្យាខាងសន្តិសុខចំពោះហ្វីលីពីន ដើម្បីធ្វើឱ្យប្រទេសហ្វីលីពីន ក្លាយទៅជាសមរភូមិជួរមុខសម្រាប់ធ្វើបដិបក្ខ ជាមួយប្រទេសចិន។

ហ្វីលីពីនបានដឹងគុណចំពោះ "ចិត្តសប្បុរស" របស់សហរដ្ឋអាមេរិក ប៉ុន្តែតាមពិតទៅ ភាគីហ្វីលីពីនបានប្រព្រឹត្តខុសជាមូលដ្ឋាន ចំនួនពីរលើបញ្ហាសមុទ្រចិនខាងត្បូង និងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ។ ទីមួយ គោលបំណងជាមូលដ្ឋាន នៃគោលនយោបាយការទូតរបស់អាមេរិក គឺ ដើម្បីគំពារអនុត្តរភាពរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទូទាំងពិភពលោក ហេតុនេះហើយ ពួកគេចាំបាច់ត្រូវទប់ស្កាត់ និងវាយប្រហារគូប្រជែងដែលលាក់បង្កប់ ។ ពោលគឺ ការដែលសហរដ្ឋអាមេរិកបានលូកដៃ ចូលក្នុងកិច្ចការតំបន់សមុទ្រចិនខាងត្បូង គឺមិនមែនដើម្បីបង្ហាញពីទំនាក់ទំនងសម្ព័ន្ធមិត្តរវាងហ្វីលីពីន និងអាមេរិកឬចំណងមិត្តភាព ជាមួយហ្វីលីពីន ទាល់តែសោះ តែគឺចាត់ទុកប្រទេសហ្វីលីពីនជាឧបករណ៍នយោបាយ និងជាកូនអុកសម្រាប់គោលនយោបាយរបស់ខ្លួន ស្តីពីការទប់ស្កាត់ការអភិវឌ្ឍរបស់ចិនតែប៉ុណ្ណោះ។ ទីពីរ បើនិយាយចំពោះប្រទេសហ្វីលីពីន ពួកគេសុខចិត្តធ្វើជាទ័ពស្រួចរបស់ប្រទេសធំ នៅក្រៅតំបន់សម្រាប់ស្វែងរកអនុត្តរភាព ចូលក្នុងការប៉ះទង្គិចជាមួយប្រទេសជិតខាង ដោយស្ម័គ្រចិត្ត តាមពិតទៅ គឺ ឆោតល្ងង់ណាស់ ។ គួរំលឹកថា ប្រទេសហ្វីលីពីនធ្លាប់ស្ថិតក្រោមអាណានិគម របស់អាមេរិក។

យ៉ាងណាមិញ គិតមកទល់បច្ចុប្បន្ននេះ អ្នកនយោបាយមួយចំនួនរបស់ហ្វីលីពីន នៅតែរងឥទ្ធិពលសេសសល់ដ៏អាក្រក់ នៃអាណានិគមនិយមអាមេរកដដែល។ ចិត្តគំនិតបែបនេះបានធ្វើឲ្យហ្វីលីពីន ពឹងផ្អែកលើសហរដ្ឋអាមេរិកយ៉ាងខ្លាំង ក្នុងកិច្ចការទូត របស់ខ្លួន។ បើនិយាយចំពោះប្រជាជនហ្វីលីពីន គឺមានគ្រោះថ្នាក់និងគួរឱ្យអាណិតអាសូរ៕

វិទ្យុមិត្តភាពកម្ពុជាចិន