(RALEIGH, North Carolina)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា បាននិយាយថាលោកមានបំណងយកឈ្នះលើគូប្រជែងរបស់លោក គឺលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិចិ្ឆកាខាងមុខ ដោយមិនបានផ្ដល់សញ្ញាថាលោកនឹងពិចារណាដកខ្លួនចេញពីការប្រកួតប្រជែងនោះទេ បន្ទាប់ពីធ្វើមិនបានល្អ ក្នុងវេទិកាតស៊ូមតិមួយ ដែលបង្កការព្រួយបារម្ភដល់សហសេវិករបស់លោកក្នុងបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពិធីជួបជុំ មួយថ្ងៃបន្ទាប់ពីចូលរួមក្នុងវេទិកាតស៊ូមតិមួយទល់នឹងមួយជាមួយលោក ដូណាល់ ត្រាំ លោក បៃដិន ដែលមានអាយុ ៨១ឆ្នាំ បានទទួលស្គាល់អាយុ របស់លោកគឺជាបញ្ហាដូចគេថាមែន។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនអាចដើរស្រួលដូចពីមុននោះទេ។ ខ្ញុំមិនអាចនិយាយដោយរលូនដូចពីមុននោះទេ ហើយខ្ញុំក៏មិន អាចតស៊ូមតិល្អដូចពីមុននោះដែរ...តែខ្ញុំនឹងមិនឈរឈ្មោះជាថ្មីនោះទេ ប្រសិនបើខ្ញុំមិនគិតថាខ្លួនឯង អាចធ្វើការនេះបាន»

គួរបញ្ជាក់ថា លោក ចូ បៃដិន ធ្វើមិនបានល្អនោះទេក្នុងវេទិកាតស៊ូមតិកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយបង្កឱ្យមានការព្រួយបារម្ភថាលោកប្រហែលជាមិនស័ក្តិសមកាន់តំណែង ជាប្រធានាធិបតីសម្រាប់រយៈពេល៤ឆ្នាំ ក្នុងអាណត្តិទី២នោះឡើយ ហើយក៏ជំរុញឱ្យអ្នកប្រជាធិបតេយ្យខ្លះចាប់ផ្ដើមគិតផងដែរថាតើពួកគេអាចជំនួសលោក ចូ បៃដិន បានដែរ ឬក៏យ៉ាងណា សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ៕