(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថាលោកមិនជឿនោះទេថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹង បោះបង់ចោលការប្រកួតប្រជែងយកកៅអីសេតវិមានឆ្នាំ២០២៤នេះនោះទេ បន្ទាប់ពីលោក បៃដិន ធ្វើមិនបានល្អទាល់តែសោះក្នុងវេទិកាតស៊ូមតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ចូ បៃដិន ធ្វើមិនបានល្អនោះទេក្នុងវេទិកាតស៊ូមតិ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយបង្កឱ្យមានការព្រួយបារម្ភថាលោកប្រហែលជាមិនស័ក្តិសមកាន់តំណែងជាប្រធានាធិបតី សម្រាប់រយៈពេល៤ឆ្នាំ ក្នុងអាណត្តិទី២នោះឡើយ ហើយក៏ជំរុញឱ្យអ្នកប្រជាធិបតេយ្យខ្លះចាប់ផ្ដើមគិតផងដែរថាតើពួកគេអាចជំនួសលោក ចូ បៃដិន បានដែរ ឬក៏យ៉ាងណា សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក។

យ៉ាងណាក៏ដោយ ថ្លែងនៅឯពិធីជួបជុំជាមួយអ្នកគាំទ្រ ក្នុងរដ្ឋ Virginia កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «មនុស្សជាច្រើនកំពុងនិយាយថា នៅបន្ទាប់ពីយប់នៃវេទិកាតស៊ូមតិ លោក ចូ បៃដិន នឹងបោះបង់ចោលការប្រកួតប្រជែង។ ប៉ុន្តែជាការពិតណាស់ ខ្ញុំមិនជឿនោះទេ ពីព្រោះគាត់ (បៃដិន) បានធ្វើល្អប្រសើរនៅក្នុង ការបោះឆ្នោត ជាងអ្នកប្រជាធិបតេយ្យមួយចំនួនដែលពួកគេកំពុងនិយាយដល់ទៅទៀត»

គួរបញ្ជាក់ថា លោក ចូ បៃដិន មានអាយុ ៨១ឆ្នាំ កាលពីសុក្រ ក៏បានទទួលស្គាល់ផងដែរពីបញ្ហាអាយុរបស់លោក និងការធ្វើមិនបានល្អក្នុងវេទិកាតស៊ូមតិ។ ប៉ុន្តែលោកថានៅតែតាំងចិត្តផ្ដួល លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ៕