(វ៉ាស៊ីនតោន)៖ មន្ត្រីការទូតជាន់ខ្ពស់ម្នាក់របស់អូស្ត្រាលី បាននិយាយថាការបញ្ចូលសមាជិកបន្ថែមក្នុងសន្ធិសញ្ញាសន្តិសុខ AUKUS គឺជារឿងមួយដ៏ស្មុគស្មាញ ហើយលោកផ្ទាល់ ក៏មិនជឿនោះដែរថាសភាអាមេរិកបើកចំហសម្រាប់ការពង្រីកសន្ធិសញ្ញាដែលមានការចូលរួមពីអូស្រ្តាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

AUKUS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន។ សសរស្ដម្ភចម្បងមួយនៃសន្ធិសញ្ញានេះ នោះគឺកិច្ចសហប្រតិបត្តិការរវាងប្រទេសជាដៃគូ ទាំង៣ ដើម្បីជួយអូស្ត្រាលីផលិត និងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយក៏អាចបង្កើនលទ្ធភាពនៃការចូលរួមពីបណ្ដាប្រទេសដទៃក្នុងសសរស្ដម្ភទី២ គឺបច្ចេកវិទ្យាអាវុធកម្រិតខ្ពស់ផងដែរ។

យ៉ាងនេះក្ដី ថ្លែងទៅកាន់វេទិកាមួយរៀបចំឡើងដោយវិទ្យាស្ថាន Atlantic Council ក្នុងទីក្រុងវ៉ាស៊ីនតោន លោក Paul Myler ជាអនុប្រធានបេសកកម្មប្រចាំស្ថានទូតអូស្ត្រាលី ក្នុងទីក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់ថាការបញ្ចូលសមាជិកបន្ថែមក្នុងសន្ធិសញ្ញាសន្តិសុខ AUKUS គឺជារឿងមួយដ៏ស្មុគស្មាញ។ លោកបន្តទៀតថាដៃគូ AUKUS ទាំង៣ មានការប្ដេជ្ញាចិត្តចំពោះកិច្ចសន្ទនាជាមួយជប៉ុន ពីលទ្ធភាពក្នុងកំណត់លក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ហើយជប៉ុនវិញបានបង្ហាញឆន្ទៈនយោបាយស្ដីពី ការពង្រឹងសមត្ថភាពការពារជាតិ។ ប៉ុន្តែបើតាមលោក Paul Myler វាគ្រាន់តែជាសន្ទនាស្វែងរកកិច្ចសហប្រតិបត្តិការមួយចំនួនតែប៉ុណ្ណោះ មិនមែនជាការអញ្ជើញជប៉ុនឱ្យចូលរួមក្នុង AUKUS នោះទេ ហើយលោកផ្ទាល់ក៏មិនគិតនោះដែរថាសភាអាមេរិកនឹងពិចារណាពង្រីកសមាជិកចូលបន្ថែម។

គួរបញ្ជាក់ថា កាលពីចុងខែមេសាកន្លងទៅ ក្រសួងការបរទេសអាមេរិក បានបង្ហើបពីផែនការបន្ធូរបន្ថយអាជ្ញាប័ណ្ណសម្រាប់ការផ្ទេរបរិក្ខារយោធា និងបច្ចេកវិទ្យាទំនើបៗ នៅក្នុង ចំណោមប្រទេសជាសមាជិក AUKUS ជាមួយការរំពឹងថានឹងសម្រេចជាស្ថាពរនូវការលើកលែងសម្រាប់ AUKUS ក្នុងរយៈពេល ១២០ថ្ងៃ៕