(តេហេរ៉ង់)៖ សមាជិកសភាមួយរូបរបស់ប្រទេសអ៉ីរ៉ង់ ត្រូវរង់ចាំការគាំពារពីមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ក្នុងការបោះឆ្នោតជុំទីពីរលើបេក្ខភាពប្រធានាធិបតីជាប់ឆ្នោតនៅថ្ងៃទី៥ ខែកក្កដា បន្ទាប់ពីក្រសួងមហាផ្ទៃអ៉ីរ៉ង់បញ្ជាក់ថា គ្មានបេក្ខជនណាទទួលបានសំលេងគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតជុំទីមួយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤។

ការបោះឆ្នោតកាលពីថ្ងៃសុក្រ ដើម្បីស្វែងរកអ្នកជំនួសតំណែងប្រធានាធិបតីរបស់ លោក Ebrahim Raisi ដែលស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ បានក្លាយជាការប្រកួតប្រជែងយ៉ាងតឹងតែងរវាងសមាជិកសភាដែលមិនសូវមានគេស្គាល់គឺ លោក Massoud Pezeshkian និងជាបេក្ខជនម្នាក់ដែលទទួលបានការគាំទ្រកម្រិតមធ្យមក្នុងចំណោមបេក្ខជន ៤រូបទៀត ជាមួយអតីតសមាជិកកងកម្លាំងឆ្មាំបដិវត្តន៍ លោក Saeed Jalili។

បើតាមក្រសួងមហាផ្ទៃអ៉ីរ៉ង់ ដើម្បីទទួលបានជ័យជម្នះទាំងស្រុងតម្រូវឱ្យបេក្ខជនទទួលសំលេងគាំទ្រ ៥០ភាគរយបូកមួយនៃសន្លឹកឆ្នោតជាង ២៥លានសន្លឹក។ ប៉ុន្តែលទ្ធផលការបោះឆ្នោតកាលពីថ្ងៃសុក្រ លោក Pezeshkian ទទួលបានសំលេងឆ្នោតជាង ១០លានសំលេង នាំមុខ លោក Jalili ដែលមានជាង ៩.៤លានសំលេងប៉ុណ្ណោះ។

គួរបញ្ជាក់ថា អំណាចដឹកនាំនៅក្នុងប្រទេសអ៉ីរ៉ង់ នៅតែត្រូវសម្រេចចុងក្រោយដោយ លោក Khamenei ដូច្នេះថាតើនរណានឹងធ្វើជាប្រធានាធិបតី មិនបានបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗណាមួយទេ ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ឬការគាំទ្រសម្រាប់ក្រុមជីវពលនៅទូទាំងតំបន់មជ្ឈិមមបូព៌ាឡើយ។ ប៉ុន្តែ​របៀបគ្រប់គ្រងរដ្ឋាភិបាលរបស់ប្រធានាធិបតីពីមួយថ្ងៃ​ទៅមួយថ្ងៃ ​អាច​ជះឥទ្ធិពល​ដល់​សំលេងគាំទ្រចំពោះគោលនយោបាយ​​អ៉ីរ៉ង់៕