(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សកាន់អំណាច នៅក្នុងរយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូចុះកិច្ចព្រមព្រៀងការពារជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ ២០២៤។

នេះជាកិច្ចប្រជុំលើកទី ១០នៃគណៈកម្មាធិការមជ្ឈិមទី ៨នៃគណបក្សពលករកូរ៉េ ដែលចាប់ផ្តើមកាលពីថ្ងៃសុក្រ ក្នុងនោះមាន ៥ចំណុចនៅលើរបៀបវារៈត្រូវបានអនុម័ត។ កិច្ចប្រជុំដែលដឹកនាំដោយ លោក គីម គឺដើម្បីពិនិត្យមើលការងារដែលសម្រេចបាននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ និងធ្វើការសម្រេចចិត្តលើបញ្ហាបន្ទាន់សំខាន់ៗមួយចំនួន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា កូរ៉េខាងជើង និងរុស្ស៉ីបានស្តារឡើងវិញនូវកិច្ចព្រមព្រៀងមួយដែលធ្វើឡើងអំឡុងសម័យសង្គ្រាមត្រជាក់ ហើយបានឯកភាពគ្នាផ្តល់ជំនួយយោធាករណីរងការវាយប្រហារណាមួយ៕