(មីនស្កិ៍)៖ មេបញ្ជាការយោធាមួយរូបរបស់ប្រទេសបេឡារុស បាននិយាយនៅថ្ងៃសៅរ៍នេះថា បេឡារុស បានដាក់ពង្រាយកងកម្លាំងការពារដែនអាកាសបន្ថែមទៀត ទៅកាន់តំបន់ព្រំដែនជាមួយអ៊ុយក្រែន ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន ដោយសារតែមានការកើនឡើងនូវសកម្មភាពយន្តហោះដ្រូនរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ ២០២៤។

កាលពីដើមសប្តាហ៍នេះ បេឡារុស បានអះអាងពីការបាញ់ទម្លាក់ដ្រូន quadcopter ដែលហោះឆ្លងកាត់ព្រំដែនដោយខុសច្បាប់មកពីអ៊ុយក្រែន ដើម្បីប្រមូលព័ត៌មានអំពីហេដ្ឋារចនាសម្ព័ន្ធព្រំដែនបេឡារុស។ លោក Andrei Severinchik មេបញ្ជាការកងទ័ពអាកាសបេឡារុស បានបញ្ជាក់ថា «យើងត្រៀមខ្លួនជាស្រេច ដើម្បីប្រើប្រាស់កម្លាំង និងមធ្យោបាយដែលមានទាំងអស់ មកការពារទឹកដី ប្រជាជនរបស់យើងពីការបង្កហេតុ ដែលអាកើតមាននៅដែនអាកាស»។

គួរបញ្ជាក់ថា ក្រសួងការពារជាតិបេឡារុស បានឱ្យដឹងថា ខ្លួនមានព័ត៌មានដែលថា អ៊ុយក្រែនកំពុងចល័តកងទ័ព អាវុធ និងសម្ភារយោធាបន្ថែមទៀតទៅកាន់តំបន់ Zhytomyr ភាគខាងជើង ដែលមានព្រំប្រទល់ជាប់ជាមួយបេឡារុស៕