(ព្យុងយ៉ាង)៖ នៅថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានប្រកាសថ្កោលទោស ការធ្វើសមយុទ្ធយោធាចម្រុះ ក្នុងទ្រង់ទ្រាយធំរួមគ្នា រវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដោយហៅប្រទេសទាំង៣ ថាជា NATO នៅអាស៉ី ហើយបានព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរបំផុត។ នេះបើការផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយយ៉ាងដូច្នេះថា «យើងថ្កោលទោសជាខ្លាំង ចំពោះសកម្មភាពដំឡើងសាច់ដុំយោធាដើម្បីបង្កហេតុ ប្រឆាំងមកលើប្រទេសកូរ៉េខាងជើង។ ទំនាក់ទំនងរវាងអាមេរិក-កូរ៉េខាងត្បូង-ជប៉ុន បានប្រែក្លាយរូបរាងទៅប្រៀបដូចជា NATO ប្រចាំនៅអាស៉ី»។ ជាមួយគ្នានេះ កូរ៉េខាងជើង​ ក៏បានព្រមានប្រទេសទាំង៣ អំពីផលវិបាកដ៏ធ្ងន់ធ្ងរបំផុត ផងដែរ។

ការចេញមុខថ្កោលទោសពីសំណាក់ទីក្រុងព្យុងយ៉ាង កើតមានឡើងនៅមួយថ្ងៃ បន្ទាប់ពីសម្ព័ន្ធមិត្តទាំង៣ បានបិទបញ្ចប់សមយុទ្ធយោធា ដែលមានរយៈពេលសរុប៣ថ្ងៃ ហៅថា Freedom Edge និងដែលផ្តោតលើ ការការពារមីស៉ីលបាលិស្ទីគ និងការការពារដែនអាកាស ព្រមទាំងយុទ្ធសាស្រ្តប្រឆាំងនាវាមុជទឹក ហើយនិងការហ្វឹកហាត់ការពារតាមប្រព័ន្ធសៃបឺ (cyber)។

មេដឹកនាំអាមេរិក​ កូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នា ក្នុងកិច្ចប្រជុំកំពូលត្រីភាគី កាលពីឆ្នាំមុន លើការរៀបចំឱ្យមាន សមយុទ្ធយោធារួម​ជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីសញ្ញានៃសាមគ្គីភាព ចំពោះមុខអ្វីដែលពួកគេហៅថា ជាការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និង​ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារវាងប្រទេសទាំង៣ ក្នុងសប្តាហ៍នេះ មានការចូលរួមពី នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Theodore Roosevelt, នាវាចម្បាំងបំពាក់មីស៉ីល JS Atago របស់ជប៉ុន ព្រមទាំងកងយន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូង។ ទីក្រុងព្យុងយ៉ាង តែងតាំងបានថ្កោលទោស សកម្មភាពធ្វើសមយុទ្ធយោធាស្រដៀងគ្នាបែបនេះ ថាជាការហាត់សមដើម្បីឈ្លានពានទៅលើខ្លួន៕