(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានអះអាងថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ នៅថ្ងៃចន្ទ ទី១ ខែកក្កដានេះ ហើយគ្រាប់ទី២ ប្រហែលជាបានបរាជ័យដោយផ្ទុះនៅលើ អាកាស និងបានធ្លាក់ក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យយោធាកូរ៉េខាងត្បូង លោក Lee Sung-joon បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានខ្លីមួយថាកូរ៉េខាងត្បូងកំពុងធ្វើការវិភាគលើការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ហើយភ្លាមៗ មិនទាន់អាចបញ្ជាក់បានថាតើមានអ្នកស្លាប់ ឬរងរបួស ក៏ការខូចខាតណាមួយដល់ទ្រព្យសម្បតិ្តរបស់កូរ៉េខាងជើងនោះទេ។

គួរបញ្ជាក់ថា អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានបញ្ជាក់ថាយោធារបស់ខ្លួន ចាប់បានសញ្ញានៃការធ្វើតេស្ដមីស៊ីលចំនួន២គ្រាប់ ដោយមីស៊ីលគ្រាប់ទី១នៅម៉ោង ៥៖០៥នាទីព្រឹក និងគ្រាប់ទី២ នៅប្រហែលជា១០នាទីក្រោយ។ មីស៊ីលដែលត្រូវបានបាញ់កាលពីម៉ោង ៥ ៖០៥នាទីព្រឹកមិញនេះ (ម៉ោងក្នុងតំបន់) ហោះបានចម្ងាយជិត ៦០០គីឡូម៉ែត្រ និងគ្រាប់ទី២ហោះបាន ១២០គីឡូម៉ែត្រ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ក៏បានថ្កោលទោសការធ្វើតេស្ដមីស៊ីលរបស់ព្យុងយ៉ាងផងដែរ ដោយចាត់ទុកថាជាទង្វើបង្ករឿង​ និងគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េ។

ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើងក្រោយព្យុងយ៉ាង បានថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ថាជា NATO អាស៊ី និងបានព្រមានពីផលវិបាកធ្ងន់ធ្ងរផងដែរ៕