(ណៃពិដោ)៖ ធនាគារកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ា បានបដិសេធនូវរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ដែលថារដ្ឋាភិបាលយោធា នៅតែអាចដំណើរការសាច់ប្រាក់ដើម្បីទិញអាវុធ សម្រាប់យកមកធ្វើប្រតិបត្តិការប្រឆាំងក្រុមបះបោរ ដោយនិយាយថា រាល់ស្ថាប័នហិរញ្ញវត្ថុដែលនៅក្រោមការត្រួតពិនិត្យរបស់ធនាគារកណ្តាល បានអនុវត្តតាមនីតិវិធីដែលបានកំណត់។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤។

តាមរបាយការណ៍ពីអ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​មីយ៉ាន់ម៉ារបស់ UN លោក Tom Andrews កាលពីសប្តាហ៍មុន ខណៈដែលមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីធ្វើឱ្យរបបសឹកបាត់បង់ សមត្ថភាពទិញសម្ភារៈយោធា គេមើលឃើញថា នៅតែមានការនាំចូលអាវុធក្នុងតម្លៃ ២៥៣លានដុល្លារសម្រាប់រយៈពេល ១២ខែ គិតមកទល់នឹងខែមីនា ឆ្នាំនេះ។ ដោយមានជំនួយ​ពី​ធនាគារអន្តរជាតិ ​រួម​ទាំង​ធនាគារ​នៅប្រទេស​ជិត​ខាង​អាស៊ីអាគ្នេយ៍​ ដូចជា​ថៃ​ ​មីយ៉ាន់ម៉ា​នៅតែអាចបង់ថ្លៃចំណាយលើ​ការ​ទិញអាវុធ​របស់​ខ្លួន។

របាយការណ៍ដដែល បានឱ្យដឹងទៀតថា ការនាំចេញពីសិង្ហបុរីបានធ្លាក់ចុះជាង ១០លានដុល្លារ ពីចំនួនជាង ១១០លានដុល្លារនៅឆ្នាំ២០២២ ប៉ុន្តែក្រុមហ៊ុនថៃនៅក្នុងប្រទេសថៃ បានបំពេញ ចន្លោះធ្លាក់ចុះនេះ តាមរយៈការបញ្ជូនអាវុធ និងសម្ភារៈផ្សេងៗមានតម្លៃ ១២០លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ដែលកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០២២។

ធនាគារកណ្តាលមីយ៉ាន់ម៉ា បានបានសម្តែងការជំទាស់យ៉ាងខ្លាំងចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេស UN រូបនេះ ដោយលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «វាបានធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជនស៉ីវិលមីយ៉ាន់ម៉ា ទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងប្រទេសដទៃ»។ ធនាគារកណ្តាល បញ្ជាក់ថា «ប្រតិបត្តិការ​ហិរញ្ញវត្ថុ​គឺ​សម្រាប់​តែ​ការ​នាំ​ចូល​ទំនិញ​ចាំបាច់ និង​តម្រូវការ​មូលដ្ឋាន​សម្រាប់​ជនស៉ីវិល​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​ ដូចជាថ្នាំពេទ្យ សម្ភារៈវេជ្ជសាស្រ្ត ទំនិញកសិកម្ម ប្រេងឆា និងប្រេងឥន្ធនៈជាដើម។

គួរបញ្ជាក់ថា ប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុជាច្រើនលើយោធា ធនាគារ និងក្រុមហ៊ុនអាជីវកម្មមីយ៉ាន់ម៉ា។ ក្រសួងការបរទេសថៃ បានឱ្យដឹងថា ស្ថាប័នធនាគារ និងហិរញ្ញវត្ថុរបស់ខ្លួន បានអនុវត្តតាមពិធីសារដូចជាប្រទេសដទៃទៀតដែរ ដោយបន្ថែមថា រដ្ឋាភិបាលនឹងត្រួតពិនិត្យឡើងវិញ ជុំវិញរបាយការណ៍របស់អ្នករាយការណ៍ UN៕