(ស៉ីដនី)៖ នៅថ្ងៃចន្ទនេះ ប្រទេសអូស្រ្តាលី បានប្រកាសដំឡើងថ្លៃសេវាផ្តល់ទិដ្ឋាការសម្រាប់និស្សិតបរទេស ដែលជាចំណាត់ការថ្មីមួយរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់អន្ដោប្រវេសន៍ ដែលបានបង្កើន សម្ពាធលើទីផ្សារលំនៅដ្ឋានរួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤។

ចាប់ពីថ្ងៃទី១ កក្កដានេះទៅ តម្លៃសេវាធ្វើទិដ្ឋាការសម្រាប់សិស្សបរទេសនឹងត្រូវដំឡើងដល់ ១៦០០ដុល្លារអូស្រ្តាលី ឬស្មើនឹង ១,០៦៨ដុល្លារអាមេរិក ដែលកាលពីមុនមានតម្លៃត្រឹមតែ ៧១០ដុល្លារអូស្រ្តាលី ឬស្មើនឹង ៤៧៣ដុល្លារអាមេរិកប៉ុណ្ណោះ។ រីឯអ្នកកាន់ទិដ្ឋាការទេសចរ និងនិស្សិត ដែលមានទិដ្ឋាការបញ្ចប់ការសិក្សាបណ្តោះអាសន្ន ត្រូវបានហាមឃាត់ពីការស្នើសុំទិដ្ឋាការបន្ត។ រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោកស្រី Clare O'Neil បញ្ជាក់ថា «ចំណាត់ការនេះ នឹងជួយស្ដារឡើងវិញនូវសុចរិតភាពនៃប្រព័ន្ធអប់រំអន្តរជាតិរបស់យើង ហើយបង្កើតបាននូវប្រព័ន្ធ​អន្តោប្រវេសន៍​ដែល​មាន​ភាពតម្លាភាព មានទំហំតូច​ជាងមុន និង​ល្អ​ជាងមុន សម្រាប់​​​អូស្ត្រាលី»

គួរបញ្ជាក់ថា បើតាមទិន្នន័យផ្លូវការចេញផ្សាយកាលពីខែមីនា អត្រាអន្តោប្រវេសន៍បានកើនឡើង ៦០ភាគរយគឺចំនួន ៥៤៨,៨០០នាក់ ក្នុងឆ្នាំរយៈពេលមួយឆ្នាំ គិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ រដ្ឋាភិបាលអូស្រ្តាលី ក៏កំពុងរឹតបន្តឹងច្បាប់ផ្តល់ទិដ្ឋាការ ឱ្យនិស្សិតបរទេសបន្តស្នាក់នៅអូស្ត្រាលីផងដែរ បន្ទាប់ពីចំនួនសិស្សដែលមានទិដ្ឋាការបណ្តោះអាសន្នស្រាប់ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ បានកើនឡើងជាង​ ៣០ភាគរយ៕