(អាថែន)៖ ក្រុមពន្លត់អគ្គិភ័យរបស់ប្រទេសក្រិក បាននិងកំពុងទប់ទល់ចំពោះភ្លើងឆេះព្រៃ ២កន្លែងនៅក្បែររដ្ឋធានីអាថែន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ចំពេលដែលមានខ្យល់បោកបក់ខ្លាំង ប៉ុន្មានម៉ោងបន្ទាប់ពីអាចគ្រប់គ្រងមិនឱ្យរាលដាល ចេញតំបន់ភ្នំមួយក្បែររដ្ឋធានី ក៏ដូចជានៅលើកោះមួយនៃសមុទ្រ Aegean។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ ២០២៤។

ស្របពេលដែលអាកាសធាតុក្តៅ និងមានខ្យល់បោកបក់នៅទូទាំងប្រទេសក្រិក ភ្លើងឆេះព្រៃជាច្រើនកន្លែងបានផ្ទុះឡើង កាលពីចុងសប្តាហ៍ ហើយប្រជាជនត្រូវបានណែនាំឱ្យនៅឱ្យឆ្ងាយពីតំបន់ព្រៃឈើ។ ក្រុមពន្លត់អគ្គីភ័យជាច្រើននាក់ គាំទ្រដោយយន្តហោះដឹកទឹកចំនួន ២៣គ្រឿង បានប្រឹងប្រែងពន្លត់ភ្លើងឆេះ ក្នុងតំបន់ដែលមានមនុស្សរស់នៅតិចក្បែរទីក្រុង Keratea ចម្ងាយប្រហែល ៣៥គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងអាថែន។ អាជ្ញាធរ បានបញ្ជាឱ្យមានការ​ជម្លៀស​ខ្លួន ​មុន​ពេល​អណ្តាត​ភ្លើង​រាលដល់ផ្ទះប្រជាជន។ ដោយឡែក ភ្លើងឆេះព្រៃមួយកន្លែងទៀតនៅក្នុងសហគមន៍ Stamata ភាគខាងជើងនៃទីក្រុងអាថែន Athens ក៏រងនូវការឆាបឆេះផងដែរ តែមិនទាន់គំរាមកំហែងដល់ផ្ទះប្រជាពលរដ្ឋនៅឡើយទេ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃ គឺជារឿងធម្មតាសម្រាប់ក្រិក ប៉ុន្តែកម្រិតនៃការឆាបឆេះ បានក្លាយទៅជាការបំផ្លិចបំផ្លាញកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសាររដូវមានលក្ខណៈក្តៅកាន់តែខ្លាំង ស្ងួត និងធ្លាក់ខ្យល់ ដោយអ្នកវិទ្យាសាស្ត្រថា មកពីការប្រែប្រួលអាកាសធាតុ៕