(ម៉ានីល)៖ ប្រទេសហ្វីលីពីន បានស្វាគមន៍ចំពោះការទទួលស្គាល់របស់វៀតណាម លើសំណើរបស់ខ្លួនទៅកាន់អង្គការសហប្រជាជាតិ (UN) អំពីការទាមទារពង្រីកព្រំដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង ហើយថាទីក្រុងម៉ានីល ត្រៀមខ្លួនរួចជាស្រេចក្នុងការពិភាក្សា ជាមួយទីក្រុងហាណូយ ដើម្បីដោះស្រាយរាល់បញ្ហានានា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ ២០២៤។

ហ្វីលីពីន កាលពីខែមុន បានដាក់សំណើមួយទៅកាន់ UN ដើម្បីទាមទារពង្រីកព្រំដែនទឹក ខណៈស្វែងរកការទទួលស្គាល់នូវសិទ្ធិរបស់ខ្លួន ក្នុងការគ្រប់គ្រងលើសពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ដែលមានចម្ងាយ២០០ម៉ាយ៍ (ជាង៣០០គីឡូម៉ែត្រ) នៅក្នុងសមុទ្រចិនខាងត្បូង។ ក្រោយមក វៀតណាមនិយាយថា ខ្លួនមានឆន្ទៈពិភាក្សាជាមួយហ្វីលីពីន និងស្វែងរកវិធានការដែលបម្រើដល់ ផលប្រយោជន៍ប្រទេសទាំងពីរ។ ក្រសួងការបរទេសហ្វីលីពីន បញ្ជាក់ថា «យើងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាមួយវៀតណាម លើមធ្យោបាយឆ្ពោះទៅមុខ ដែលអាចជួយសម្រេចបាននូវដំណោះស្រាយ ដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ចំពោះបញ្ហាសមុទ្រចិនខាងត្បូង»

គួរបញ្ជាក់ថា អនុសញ្ញាច្បាប់សមុទ្រអន្តរជាតិរបស់ UN អនុញ្ញាតឱ្យប្រទេសដែលនៅតាមឆ្នេរសមុទ្រ បង្កើតខ្សែបន្ទាត់ព្រំដែនសមុទ្រ ហួសពីតំបន់ EEZ ប៉ុន្តែមិនឱ្យលើសក្នុងចម្ងាយ៣៥០ម៉ាយ៍ (ជាង៥៦៣គីឡូម៉ែត) ពីដែនទឹករបស់ខ្លួនឡើយ។ វៀតណាម និងហ្វីលីពីន មានការទាមទារត្រួតស៉ីគ្នា នៅតំបន់សមុទ្រចិនខាងត្បូង ជាទីដែលចិន ព្រុយណេ និងម៉ាឡេស៉ី ជាដើម ក៏មានបញ្ហាវិវាទផងដែរ៕