(ហ្គាហ្សា)៖ ចលនាជីហាតប៉ាឡេស្ទីន នៅថ្ងៃចន្ទនេះបានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល នៅក្នុងការបង្ហាញកម្លាំងជាក់ស្តែងមួយ នៅពេលដែលរថក្រោះអ៊ីស្រាអែលបានរុញច្រានចូលជ្រៅចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

ស្លាបប្រដាប់អាវុធនៃចលនាជីហាតអ៊ីស្លាម ដែលជាសម្ព័ន្ធមិត្តរបស់ហាម៉ាស ដែលត្រូវបានគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា យុទ្ធជនរបស់ខ្លួនបានបាញ់រ៉ុក្កែតឆ្ពោះទៅរក ការតាំងទីលំនៅរបស់អ៊ីស្រាអែលជាច្រើន នៅជិតរបងព្រំដែនជាមួយហ្គាហ្សា ដើម្បីឆ្លើយតបទៅនឹង «ឧក្រិដ្ឋកម្មរបស់សត្រូវ Zionist ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនរបស់យើង»

យោងតាមកងទ័ពអ៊ីស្រាអែល មីស៊ីលប្រហែល ២០គ្រាប់ត្រូវបានបាញ់ទឹកដីអ៊ីស្រាអែល ប៉ុន្តែមិនបានបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ទោះជាយ៉ាងណា វាបានបង្ហាញថា បើទោះបីជាជិតប្រាំបួនខែនៃការវាយលុករបស់អ៊ីស្រាអែល ក្នុងគោលបំណងលុបបំបាត់ការគំរាមកំហែងក្រុមហាម៉ាស់ក៏ដោយ ក៏ពួកសកម្មប្រយុទ្ធនេះនៅតែរក្សាបាននូវសមត្ថភាពបាញ់រ៉ុក្កែត។

អ្នកស្រុកបាននិយាយថា នៅថ្ងៃចន្ទនេះរថក្រោះអ៊ីស្រាអែល បានបង្កើនការលុកលុយរបស់ពួកគេចូលទៅក្នុងជាយក្រុង Shujaiya ភាគខាងកើតនៃទីក្រុង Gaza អស់រយៈពេលប្រាំថ្ងៃជាប់ៗគ្នា ហើយរថក្រោះក៏បានរុលទៅមុខនៅភាគខាងលិច និងកណ្តាលទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្គាហ្សា ជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីបផងដែរ។

គួរបញ្ជាក់ថា ជម្លោះដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា ជាមួយនឹងការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល បានសម្លាប់មនុស្សជិត ៣៨,០០០នាក់នៅហ្គាហ្សា ដែលភាគច្រើននៃអ្នកស្លាប់គឺជាជនស៊ីវិល នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា៕