(យូអិន)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា វិបត្តិអ៊ុយក្រែនមិនអាចដោះស្រាយចប់ទៅបាន ក្នុងពេលត្រឹមតែ១ថ្ងៃឡើយ បន្ទាប់ពីរូបលោកត្រូវបានសាកសួរ អំពីការអះអាងជាញឹកញាប់​របស់បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា លោកមានសមត្ថភាពបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ក្នុងពេល២៤ម៉ោង ប្រសិនបើជាប់ឆ្នោតសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤។

លោក ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ មិនបានផ្តល់ខ្លឹមសារលម្អិតអ្វីទេ ជុំវិញការអះអាងរបស់លោក ហើយ​បាននិយាយថា ប្រសិនបើមាន «ប្រធានាធិបតីពិតប្រាកដ» ម្នាក់ នៅសហរដ្ឋអាមេរិក ដែលទទួលបានការគោពពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នោះ គឺទីក្រុងមូស្គូមុខជាមិនបានហ៊ាន ចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ឡើយ។

លោក ដូណាល់ ត្រាំ ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិក បានមួយអាណត្តិកាលពីចន្លោះឆ្នាំ២០១៧-២០២១ ទើបតែបានលើកឡើង កាលពីសប្តាហ៍មុន អំឡុងវេទិកាតស៊ូមតិ ជាមួយប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន មកពីបក្សប្រជាធិបតេយ្យ យ៉ាងដូច្នេះថា «ខ្ញុំនឹងធ្វើឱ្យសង្រ្គាមបិទបញ្ចប់ រវាងលោក ពូទីន និងលោក ហ្សេលេនស្គី (ប្រធានាធិបតីអ៊ុយក្រែន) ក្នុងនាមត្រឹមជាប្រធានាធិបតីជាប់ឆ្នោត ពោលគឺមុនចូលស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ ទៅទៀត»។ ប្រជាជនអាមេរិក នឹងត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតី សម្រាប់អាណត្តិថ្មីរយៈពេល៤ឆ្នាំ នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។

គួរបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនេះ គឺសំខាន់សម្រាប់រុស្ស៉ី បើទោះបីជារុស្ស៉ី បានខំប្រឹងបង្ហាញថា វាមិន​ដូច្នោះក៏ដោយ ព្រោះវានឹងកំណត់វិសាលភាព នៃការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោន ជុំវិញការបន្តជួយគាំទ្រអ៊ុយក្រែន ប្រឆាំងទីក្រុងមូស្គូ និងការផ្គត់ផ្គង់ឱ្យទីក្រុងកៀវ នូវសព្វាវុធទំនើបៗរបស់អាមេរិក។ វិមានក្រឹមឡាំងធ្លាប់បានលើកឡើងថា ផែនការសន្តិភាពណាមួយ ដែលនឹង​ស្នើឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងករណីលោកជាប់ឆ្នោត ចាំបាច់ត្រូវតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៅអ៊ុយក្រែន ប៉ុន្តែ​បានបញ្ជាក់ថា លោក ពូទីន នៅតែបើកទ្វារចំហជានិច្ច សម្រាប់ការចរចាគ្នា៕