(វ៉ាសូវី)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បានជួបគ្នាក្នុងទីក្រុងវ៉ាសូវី នៅថ្ងៃអង្គារនេះ ខណៈប្រទេសដែលធ្លាប់មានប្រវត្តិមិនល្អជាមួយគ្នា កំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការ ចំពោះមុខបញ្ហាប្រឈមផ្នែកសន្តិសុខ និងភាពចលាចលនយោបាយនៅអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ ២០២៤។

លោក Scholz និងលោក Tusk ក៏នឹងចូលរួមក្នុងការពិគ្រោះយោបល់អន្តររដ្ឋាភិបាល ដោយមានគណៈរដ្ឋមន្ត្រីនៃប្រទេសនីមួយៗ និងជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីឆ្នាំ ២០១៨មក។ អនុរដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Marek Prawda បានប្រាប់ Reuters ថា «ព្រោះតែមានការប្រែប្រួលនៃភូមិសាស្ត្រ​នយោបាយ​​ពិភពលោក សហភាព​អឺរ៉ុប​លែង​ជាអ្នកបង្កើតច្បាប់​ទៀតហើយ ប៉ុន្តែ​កំពុងក្លាយជា សហគមន៍រួមជោគវាសនា ដូច្នេះយើងត្រូវតែឆ្លើយតបចំពោះការផ្លាស់ប្តូរនេះ ដោយយ៉ាងហោចណាស់ តាមរយៈការដាក់ចេញ គោលនយោបាយមួយចំនួន ដែលបង្កើនសមត្ថភាពយោធា»។

ភាពតានតឹងដែលកំពុងកើនឡើងខ្ពស់ នៅតាមព្រំដែនជាមួយបេឡារុស, ការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីជាប់ជាប្រចាំ ទៅលើអ៊ុយក្រែន ដែលត្រូវការឱ្យយន្តហោះរបស់អង្គការណាតូ ធ្វើសកម្មភាពនៅដែនអាកាសប៉ូឡូញ រួមទាំងការព្រួយបារម្ភអំពីសន្តិសុខ នឹងជាបញ្ហាដ៏សំខាន់ ក្នុងរបៀបវារៈនៃកិច្ចប្រជុំនៅទីក្រុងវ៉ាសូវី។ មន្រ្តីរដ្ឋាភិបាល​អាល្លឺម៉ង់មួយរូប ​បាន​និយាយ​ថា​ ​សន្តិសុខ និង​កិច្ចសហការរបស់ប៉ូឡូញ​ក្នុង​អង្គការ​ណាតូ ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​អាល្លឺម៉ង់។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាល្លឺម៉ង់ និងប៉ូឡូញកាន់តែល្អប្រសើរ បន្ទាប់ពីលោក Tusk ឡើងកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើង នៅពេលដែលប្រទេសទាំងពីរ ប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនយោបាយ ដូចជាជ័យជម្នះរបស់គណបក្សមាននិន្នាការស្តាំនិយមជ្រុល ក្រោយការបោះឆ្នោតសភាបារាំង ជុំទី១ ក៏ដូចជាក្តីបារម្ភរបស់បណ្តាមេដឹកនាំសហភាពអឺរ៉ុប ជុំវិញលទ្ធភាពនៃការវិលត្រលប់មកដឹកនាំសេតវិមានអាមេរិក របស់ លោក Donald Trump៕