(ញូវដេលី)៖ មន្ត្រីពីររដ្ឋដែលរងផលប៉ះពាល់បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបន្តបង្កឱ្យមានទឹកជំនន់ និងការបាក់ដីនៅភាគខាងជើង និងឦសាននៃប្រទេសឥណ្ឌា ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១១នាក់បានស្លាប់ និងប៉ះពាល់ដល់មនុស្សរាប់សែននាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មានផ្លូវការបានឱ្យដឹងថា នៅក្នុងរដ្ឋ Uttar Pradesh ដែលមានប្រជាជនច្រើនជាងគេនៃប្រទេសឥណ្ឌា ដែលរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំង មនុស្សចំនួន៩នាក់បានស្លាប់នៅក្នុងហេតុការណ៍ ទាក់ទងនឹងភ្លៀងធ្លាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

រដ្ឋ Assam ដែលស្ថិតនៅភាគឦសានប្រទេស ក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដោយមានមនុស្ស២នាក់ ត្រូវបានរាយការណ៍ថាស្លាប់កាលពីថ្ងៃចន្ទ ខណៈមនុស្សជាង ៦០០,០០០នាក់ នៅក្នុង១៩ស្រុករងផលប៉ះពាល់ និងជាង ៨,០០០នាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង។ ឧទ្យានជាតិ Kaziranga ដែលជាជម្រករបស់សត្វរមាសដែលមានស្នែងមួយ ក៏ត្រូវបានជន់លិចដែរ។

ប្រជាជនជាច្រើនបានបាត់បង់ផ្ទះសម្បែង ដំណាំ និងទ្រព្យសម្បត្តិដោយសារទឹកជំនន់។ រូបភាពបង្ហាញពីវាលស្រែ ផ្លូវថ្នល់ និងផ្ទះសម្បែងជាច្រើនលិចទឹក។

ទឹកជំនន់ក៏កំពុងរាតត្បាតយ៉ាងខ្លាំង នៅក្នុងតំបន់ឦសាននៃប្រទេសបង់ក្លាដែសជិតខាងផងដែរ ដោយបន្សល់ទុកមនុស្សរាប់ម៉ឺននាក់ឱ្យជាប់គាំង។ អាជ្ញាធរកំពុងជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីហានិភ័យនៃការបាក់ដី និងជួយជម្លៀសពួកគេចេញ។

ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កផលប៉ះពាល់ដល់រដ្ឋ Arunachal Pradesh ដែលនៅជាប់នឹងប្រទេសចិន ដោយបង្ខំឱ្យបិទសាលារៀននៅក្នុងរដ្ឋធានី Itanagar រហូតដល់ចុងសប្ដាហ៍នេះ។ ទីភ្នាក់ងារឧតុនិយមបានព្យាករថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅក្នុងតំបន់នេះក្នុងរយៈពេលបីថ្ងៃខាងមុខទៀត៕