(ញូវដេលី)៖ យ៉ាងហោចណាស់មនុស្ស ៨៧នាក់ត្រូវបានគេភ័យខ្លាចថាបានស្លាប់ នៅក្នុងហេតុការហ៍រត់ជាន់គ្នា នៅក្នុងពិធីជួបជុំសាសនាហិណ្ឌូមួយនៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

ហេតុការណ៍ការរត់ជាន់គ្នានេះ បានកើតឡើងនៅក្នុងភូមិមួយក្នុងស្រុក Hathras ចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីញូវដែលី ជាកន្លែងដែលអាជ្ញាធរបាននិយាយថា មានហ្វូងមនុស្សដ៏ច្រើនបានប្រមូលផ្តុំគ្នានៅលើទីវាល ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់មេដឹកនាំសាសនាក្នុងស្រុក។

អ្នកនាំពាក្យប៉ូលីសស្រុក លោក Manish Chikara បាននិយាយថា ចំនួនអ្នកស្លាប់មានប្រហែល ៦០នាក់ ប៉ុន្តែបាននិយាយថាតួលេខនេះអាចនឹងកើនឡើង។ វីដេអូនៅលើបណ្តាញសង្គមបានបង្ហាញពីសាកសពដែលនៅរាយប៉ាយនៅលើដី នៅខាងក្រៅមន្ទីរពេទ្យក្នុងស្រុក។ ភ្លាមៗ Reuters មិនអាចផ្ទៀងផ្ទាត់រូបភាពទាំងនេះបានទេ។

«ហេតុការណ៍នេះបានកើតឡើងដោយសារតែមានមនុស្សច្រើនកុះករ នៅពេលដែលពួកគេកំពុងព្យាយាមចាកចេញពីទីនោះ» លោក Ashish Kumar អភិបាលស្រុក Hathras បានប្រាប់អ្នកសារព័ត៌មាន។

សាក្សីម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់អ្នកផ្សាយ India Today ថា មានផ្លូវចេញតូចចង្អៀតនៅកន្លែងកើតហេតុ។ គាត់បាននិយាយថា «នៅពេលដែលយើងព្យាយាមចេញទៅកាន់វាលស្រែមួយភ្លាមៗនោះ មានភាពចលាចលបានចាប់ផ្តើម ហើយយើងមិនដឹងថាត្រូវធ្វើអ្វីទេ»។

លោក Yogi Adityanath ប្រមុខរដ្ឋមន្ត្រីនៃរដ្ឋ Uttar Pradesh ដែលជារដ្ឋដែលមានប្រជាជនច្រើនជាងគេរបស់ឥណ្ឌា បានបញ្ជាឱ្យមានការស៊ើបអង្កេតលើហេតុការណ៍នេះ និងផ្តល់ការណែនាំដល់មន្ត្រីពាក់ព័ន្ធឱ្យធ្វើប្រតិបត្តិការសង្គ្រោះ និងជួយសង្គ្រោះជាបន្ទាន់ ព្រមទាំងផ្តល់ការព្យាបាលដល់អ្នករបួស៕