(ម៉ានីល)៖ ទីក្រុងម៉ានីល បាននិយាយថាហ្វីលីពីន និងចិន កាលពីថ្ងៃអង្គារ ទី២ ខែកក្កដា បានឯកភាពគ្នាថានឹងបន្ធូរបន្ថយភាពតានតឹង នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សាមួយ ក្នុងតំបន់ដែនទឹកមានវិវាទកាលពីខែមិថុនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

ទីក្រុងម៉ានីល និងទីក្រុងប៉េកាំង មានជម្លោះដែនទឹកជាមួយគ្នាយូរណាស់មកហើយ នៅជុំវិញតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ ប៉ុន្តែការប៉ះទង្គិចគ្នា កាលពី ខែមិថុនា គឺជាស្ថានការណ៍ធ្ងន់ធ្ងរបំផុតមួយ នៅក្នុងការប្រឈមមុខដាក់គ្នារវាងឆ្មាំសមុទ្រនៃប្រទេសទាំង២។ ហ្វីលីពីនបានចោទប្រកាន់ថាឆ្មាំសមុទ្រចិនប្រដាប់ដោយ កាំបិត ដំបង និងពូថៅ បានឡោមព័ទ្ធទូកឆ្មាំសមុទ្ររបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា អំឡុងបេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់ទាហានហ្វីលីពីនមួយក្រុមតូច ដែល កំពុងឈរជើងលើខ្មោចនាវាចម្បាំងមួយគ្រឿង នៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។

តាមភាគីហ្វីលីពីន ទាហានហ្វីលីពីនម្នាក់បានដាច់ម្រាមដៃមួយ ក្នុងការប៉ះទង្គិចគ្នាជាមួយបុគ្គលិកឆ្មាំសមុទ្រចិន និងបានចោទថាឆ្មាំសមុទ្រចិនថាបានរឹបអូសយកកាំភ្លើង ហើយធ្វើឱ្យខូចខាតដល់ទូក៣គ្រឿង ព្រមទាំងបរិក្ខារមួយចំនួនទៀត។ ក៏ប៉ុន្តែ ខាងទីក្រុងប៉េកាំងវិញបានអះអាងថាឆ្មាំសមុទ្ររបស់ខ្លួនបានធ្វើសកម្មភាពប្រកបដោយ វិជ្ជាជីវៈ និងបានបន្ទោសថាទីក្រុងម៉ានីលគឺជាអ្នកបង្កឱ្យមានការប៉ះទង្គិចគ្នា។

ប្រឈមមុខភាពតានតឹងកាន់តែឡើងកម្ដៅនេះដែរ រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro និងអនុរដ្ឋមន្ត្រីការបរទេសចិន លោក Chen Xiaodong បានជួបពិភាក្សាគ្នាប្រកបដោយភាពស្មោះត្រង់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសហ្វីលីពីន នៅក្នុងសេចក្ដីថ្លែងការណ៍ មួយ ក្រោយកិច្ចពិភាក្សា។ សេចក្ដីថ្លែងការណ៍នេះដដែល បានឱ្យដឹងដែរថាភាគីទាំង២បានទទួលស្គាល់ពីភាពចាំបាច់ក្នុងការស្ដារការជឿទុកចិត្តគ្នា និងកសាងទំនុកចិត្ត ឡើងវិញ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីរៀបចំឱ្យមានកិច្ចសន្ទនា និងការទំនាក់ទំនងគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រពីកោះ Palawan នៃភាគខាងលិចប្រទេសហ្វីលីពីន និងស្ថិតនៅចម្ងាយ ជាង ១០០០គីឡូម៉ែត្រពីតំបន់ជិតបំផុតនៅលើកោះ Hainan របស់ចិន៕