(កៀវ)៖ ឆ្លើយតបទៅនឹងសំណួរជុំវិញការលើកឡើងរបស់ លោក Donald Trump ថាអាចបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបានឆាប់ ជំនួយការរបស់ លោក Volodymyr Zelenskiy និយាយថា អ៊ុយក្រែននៅមិនទាន់ត្រៀមខ្លួនរួចរាល់ឡើយ ក្នុងការសម្រុះសម្រួលជាមួយរុស្ស៉ី ហើយបោះបង់ទឹកដីរបស់ខ្លួនដើម្បីបិទបញ្ចប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០២៤។

លោក Andriy Yermak ដែលជាប្រធានការិល័យប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងពេលបំពេញទស្សនកិច្ច នៅទីក្រុងវ៉ាស៉ីនតោន ថាទីក្រុងកៀវនឹងស្តាប់យោបល់ណាមួយ ដែលនាំទៅសម្រេចបានសន្តិភាពក្នុងសង្រ្គាមជាមួយរុស្ស៉ី ប៉ុន្តែមិនទាន់បានត្រៀមខ្លួនដើម្បីឆ្ពោះទៅរកការសម្រុះសម្រួល តាមវត្ថុបំណងសំខាន់ៗ... ដើម្បីឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី និងអធិបតេយ្យភាព នៅឡើយទេ។​ នៅពេលត្រូវបានសួរថាតើអ៊ុយក្រែន នឹងធ្វើរបៀបណាប្រសិនបើ លោក Trump ត្រលប់មកគ្រប់គ្រងសេតវិមានជាថ្មី ហើយនឹងជាអ្នកដោះស្រាយបញ្ហាសង្រ្គាមសព្វថ្ងៃ លោក Yermak បញ្ជាក់ថា «និយាយដោយស្មោះត្រង់ ខ្ញុំមិនដឹង សូមរង់ចាំមើលសិន»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Yermak នៅសហរដ្ឋអាមេរិក កើតមានឡើងមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅសប្តាហ៍ក្រោយ ក្នុងរដ្ឋធានីវ៉ាស៉ីនតោន ដោយគេរំពឹងថា អ៊ុយក្រែននឹងក្លាយជាប្រធានបទសំខាន់នៃការពិភាក្សា៕