(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយបន្ទាប់ពីជួបរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Rustem Umerov នៅមន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិក នឹងប្រកាសពីកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន មានទំហំទឹកប្រាក់ ២.៣ពាន់លានដុល្លារ នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០២៤។

លោក Austin ក៏បានផ្តល់សញ្ញាគាំទ្រចំពោះបំណង​របស់​អ៊ុយក្រែន​ ក្នុង​ការ​ចូល​ជា​សមាជិក​របស់អង្គការណាតូ (NATO) ផងដែរ។ ដោយសំដៅទៅលើកិច្ចប្រជុំកំពូលណាតូ នៅសប្តាហ៍ក្រោយក្នុងទីក្រុងវ៉ាស៉ីនតោន លោក Austin បញ្ជាក់ថា «យើងនឹង​ចាត់​វិធានការ​ដើម្បី​កសាង​ស្ពាន​ឆ្ពោះទៅ​កាន់​សមាជិកភាព​ណាតូ​ សម្រាប់​អ៊ុយក្រែន»។ បើតាម លោក Austin កញ្ចប់ជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែននេះ នឹងរួមបញ្ចូលនូវអាវុធ ដូចជាប្រព័ន្ធប្រឆាំងរថក្រោះ ប្រព័ន្ធស្ទាក់ចាប់មីស៉ីល ហើយក៏នឹងអនុញ្ញាតឱ្យពន្លឿន ការទិញប្រព័ន្ធការពារមីស៉ីល NASAMS និង Patriot ផងដែរ។

គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាគិតជាង ៥០ពាន់លានដុល្លារ។ ប៉ុន្តែមានការព្រួយបារម្ភ ជុំវិញការគាំទ្រនាពេលអនាគតរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ករណីដែលលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកា៕