(ប៉េកាំង)៖ ក្នុងវប្បធម៌ចិន ផ្កាឈូកតំណាងឱ្យភាពស្អាតស្អំ រឹងមាំ និងស្អាតបរិសុទ្ធ។ នៅភាគខាងត្បូងប្រទេសចិនមានភ្នំមួយឈ្មោះថា ភ្នំផ្កាឈូក។ បច្ចុប្បន្ន វាជាឧទ្យានដ៏ធំមួយ ដែលមានប្រជាប្រិយភាពបំផុតក្នុងទីក្រុងសិនជិន អ្នកក្រុងតែងមកទីនេះបង្ហោះខ្លែង បោះជំរុំ លម្ហែកាយចិត្ត។

ភ្នំផ្កាឈូកមានឈ្មោះល្បីគ្រប់ទិសទី ពីព្រោះប្រទេសចិនបានចាប់ផ្តើមការរុករកមួយ នៅទីនេះ។ ទីនេះ បានចេញលក់ភាគហ៊ុន ដំបូងគេបង្អស់របស់ប្រទេសចិនថ្មី បានដាក់លក់ដេញថ្លៃដីធ្លីរបស់ប្រទេសចិនថ្មីមុនគេ។ល។ ទីក្រុងទំនើបអន្តរជាតិដែលប្រទេសផ្សេង បានចំណាយអស់រយ:ពេលរាប់រយឆ្នាំធ្វើការអភិវឌ្ឍ ប៉ុន្តែ ទីក្រុងរបស់ចិនមួយនេះបាន ចំណាយត្រឹមតែ ៤០ឆ្នាំតែប៉ុណ្ណោះ។

លោក Xi Jinping ប្រមុខរដ្ឋចិនបានថ្លែងថា៖ «សិនជិនជាអច្ឆរិយៈមួយក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃពិភពលោក ដែលបង្កើតឡើងដោយប្រជាជនចិន។» នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ សិនជិន ផ្ទៃមេឃខៀវស្រឡះ។ លោក Xi Jinping បានអញ្ចើញទៅភ្នំផ្កាឈូក ដើម្បីដាក់កម្រងផ្កាជូនរូបចម្លាក់សំរិទ្ធរបស់លោក តេង ស៊ាវ ភីង ។ នៅចំហៀងខាងក្រោយរូបចម្លាក់ ជាដើមជ្រៃដែលលោក Xi Jinping បានដាំផ្ទាល់ដៃកាលពីឆ្នាំ២០១២ ដែលកាលនោះ លោកបានប្រកាសទៅកាន់ពិភពលោកថា ប្រទេសចិននឹងបន្ត ជំរុញការធ្វើកំណែទម្រង់និងបើកទូលាយ។ បច្ចុប្បន្ន ដើមជ្រៃនេះបានលូតលាស់កម្ពស់ លើសពី១០ម៉ែត្រហើយ បែកមែកសាខាពោរពេញ ដោយភាពរស់រវើក។ ដើមឈើជាសក្ខីភាពនៃពេលវេលា ឯភ្នំនេះ បានធ្វើជាសក្ខីភាពដែលហ៊ានសាក ហ៊ានធ្វើរបស់ប្រទេសចិន។

នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៧៨ សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១១ បានសម្ពោធបើក ដែលបានបើក ទំព័រប្រវត្តិសាស្ត្រ នៃការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។ នាឆ្នាំ ១៩៧៩ លោក Xi Zhongxun ដែលកាលនោះបម្រើការងារជា លេខាបក្សទីមួយប្រចាំខេត្តក្វាំងតុង បានរាយការណ៍ទៅកាន់មជ្ឈិមបក្សថា ចង់បង្កើតតំបន់កែច្នៃនៃការនាំចេញ។ លោក តេង ស៊ាវ ភីង បានគាំទ្រហើយបន្ថែមថា «យើងក៏អាចកំណត់យកកន្លែងមួយ ដែលអាចដាក់ឈ្មោះថា តំបន់ពិសេស»។ នាឆ្នាំ ១៩៨០ ក្វាំងតុងទទួលបានការអនុញ្ញាតឱ្យកសាងតំបន់សេដ្ឋកិច្ចពិសេស ទីក្រុងសិនជិនដែលទើបបង្កើតឡើងទទួលបានឱកាសនេះ។

នាឆ្នាំ ១៩៨៧ ចិនបានអនុម័តលើច្បាប់ស្ដីពីការលើកទឹកចិត្ត ដល់បុគ្គលិកវិទ្យាសាស្ត្រឱ្យបង្កើតសហគ្រាសឯកជន ជាលើកដំបូង ដែលយកមកអនុវត្តមុនគេ ក្នុងក្រុងសិនជិន។ ដោយសារទទួលបានការលើកទឹកចិត្តផងដែរ នៅឆ្នាំដដែល ក្រុមហ៊ុន HUAWEI បានបង្កើតឡើង។ នាឆ្នាំ១៩៩៩ សិនជិនបានចាប់ផ្តើមរៀបចំ ធ្វើពិព័រណ៍ ស្តីពីសមិទ្ធផលបច្ចេកវិទ្យាខ្ពស់អន្តរជាតិលើកដំបូង ឆ្លៀតឱកាសនោះ ក្រុមហ៊ុន Tencent ទទួលបាន “ដុំមាសដំបូង” ដើម្បីធ្វើការអភិវឌ្ឍ។ នាឆ្នាំ ២០១៩ សិនជិនចាប់ផ្តើមកសាងតំបន់គំរូភាព នៃសង្គមនិយមមានលក្ខណ:ពិសេសចិន។

ពីថ្ងៃទី ១៥ដល់ថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នឹងបើកធ្វើសន្និសីទពេញ អង្គលើកទី ៣ នៅរដ្ឋធានីប៉េកាំង ដើម្បីស្រាវជ្រាវបញ្ហាសំខាន់ៗនៃការអភិវឌ្ឍជាតិដូចជា ការបង្កើនការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត និងការជំរុញការធ្វើ ទំនើបកម្មតាមបែបផែនចិន។ «ប្រជាជនជាតួអង្គសំខាន់ នៃការធ្វើទំនើបកម្មតាមបែបផែនចិន ចាំបាច់ត្រូវគោរពស្មារតីបង្កើតរបស់ប្រជាជន។» «ប្រជាជនយកចិត្តទុកដាក់លើអី្វ រំពឹងពីអ្វី ការធ្វើកំណែទម្រង់ត្រូវក្តាប់ជាប់នូវកិច្ចការនោះ និងត្រូវជំរុញកិច្ចការនោះ។» សម្តីប្រសាសន៍របស់លោក Xi Jinping បានទាក់ចិត្តរបស់អ្នកផងទាំងពួងយ៉ាងខ្លាំង។

បក្សកុម្មុយនីស្តចិនចាត់ទុកការស្វែងរកមាគ៌ាធ្វើទំនើបកម្ម សម្រាប់ប្រជាជាតិចិនជាបំណងរបស់ខ្លួនពីគ្រាដើម នៃការបង្កើតបក្ស កាលពីខែកក្កដា ឆ្នាំ១៩២១។ ហេតុអ្វីជនជាតិចិន ហៅសាធារណ:រដ្ឋប្រជាមានិតចិនថា «ប្រទេសចិនថ្មី»? ចាប់ពីឆ្នាំ១៩៤៩ មក ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្ម ដោយម្ចាស់ការក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ ៧៥ឆ្នាំ បានកន្លងផុតទៅ ដោយពឹងលើការខិតខំតស៊ូយ៉ាងលំបាក ប្រទេសចិនថ្មីបានប្រែពីបាតដៃទទៃ ក្លាយជាតួអង្គសេដ្ឋកិច្ចធំទីពីរលើពិភពលោក។ ពេលដែល យើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវនិយាយដល់ការសាកល្បងមួយនេះ ដែលត្រូវបានសម្គាល់ថាជា «ការធ្វើកំណែទម្រង់ និងបើកទូលាយ» ដែលមានប្រភពចេញពីភ្នំផ្កាឈូក៕

វិទ្យុមិត្តភាពកម្ពុជាចិន