(វ៉ាស៉ីនតោន)៖ សន្ទុះនៃចរន្តស្វែងរកការផ្លាស់ប្តូរបេក្ខជនប្រធានាធិបតីពី គណបក្សប្រជាធិបតីកំពុងតែកើត ឡើងយ៉ាងផុលផុល គួរឱ្យចាប់អារម្មណ៍ ខណៈមានការសម្លឹងខ្លះដោយក្តីអស់សង្ឈឹម ចំពោះបេក្ខភាពលោក ចូ បៃដិន។ នាពេលនេះសមាជិកគណបក្ស ប្រជាធិបតេយ្យប្រមាណ ៣២ភាគរយហើយ ដែលគេនិយាយ ថាបានស្នើឱ្យលោក ចូ បៃដិន បោះបង់ចោលការប្រកួតប្រជែងបោះឆ្នោត ខែវិច្ឆិកាដោយទុកឱ្យ បេក្ខជនថ្មីដែលមានថាមវន្តគ្រប់គ្រាន់បន្តវេន និងដើម្បីការផ្តួលលោក ដូណាល់ ត្រាំ ដែលកំពុងបោះជំហានស្វែងមករក ការកាន់អំណាចសេតវិមានសាជាថ្មី។

ប្រមាណជិតមួយភាគបីនៃសមាជិកគណបក្សប្រជាធិបតេយ្យមានជំនឿថាលោកប្រធានាធិបតី Biden គួរតែបញ្ចប់លើការគិតអំពី ការបោះឆ្នោតសាឡើងវិញ បន្ទាប់ពីការជជែកដេញដោល មួយកាល ពីសប្តាហ៍មុនបានបង្ហាញនូវសមត្ថភាពមិនសូវល្អ​ដោយសារតែវ័យចាស់ជរាមិន អាចប្រៀបផ្ទឹមបានជាមួយនឹង បេក្ខជនប្រធានាធិប តីលោកដូណាល់ត្រាំ។

យោងតាមការស្ទង់មតិរបស់ Ipsos ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានរកឃើញថាមាន ៣២ភាគរយនៃសមាជិករបស់ គណបក្សប្រជាធិបតេយ្យ គិតថាលោក Biden គួរតែបោះបង់ ការបោះឆ្នោតសាឡើងវិញរបស់លោក។ លទ្ធផលបង្ហាញនេះ គឺនៅប្រមាណតែប៉ុន្មានថ្ងៃកន្លងមកដែល ប្រជាប្រីយ៍ភាពនិងស្នាដៃនានា របស់លោកចូបៃដិនដែលធ្លាប់បានធ្វើចំពោះ សហរដ្ឋអាមេរិកនិងពិភពលោក ប្រមាណ៣ឆ្នាំ កន្លះមកនេះ ត្រូវបានរលាយដោយសារតែកិច្ចពិភាក្សា ទៅវិញទៅមករយៈពេល៩០នាទី រវាង លោកដូណាំត្រាំបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ និងលោកចូបៃដិននៃគណ បក្សប្រជាធិបតេយ្យ។

**** មួយម៉ោងកន្លះនៃកិច្ចពិភាក្សាកំពុងបំផ្លាញស្នាដៃ៣ឆ្នាំកន្លះ របស់លោកចូបៃដិន

កិច្ចពិភាក្សាកាលពីសប្តាហ៍មុនរវាងបេក្ខជនប្រធានាធិបតីថ្មី សម្រាប់ការប្រជែងកាន់អំណាច រយៈពេលបួនឆ្នាំ គឺឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ គឺជាកិច្ចពិភាក្សាលើកដំបូងដែល ប្រៀបឈ្នះ របស់លោក ដូណាល់ ត្រាំ ទៅលើលោកចូ បៃដិន បានធ្វើឱ្យគណបក្សប្រជាធិបតេយ្យ បានស្ទុះស្ទារប្រញាប់ស្នើរកការដូរបេក្ខជនជាបន្ទាន់។

លោក Biden អាយុ ៨១ ឆ្នាំ នៅក្នុងកិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍ទី២៧ មិថុនារៀបចំដោយ ទូរទស្សន៍ស៊ីអិនអិននោះ សំឡេងរបស់លោកស្អក ដោយសារជំងឺផ្តាសាយ, លោកបាននិយាយ ត្រដិតដដែលៗលើចម្លើយមួយ ចំនួននិងការឆ្លើយលើសំណួរខ្លះ មិនច្បាស់លាស់ ហើយថែម ទាំងបាននិយាយរអាក់រអួលក្នុង ចម្លើយដទៃទៀត ខណៈ លោក Trump អាយុ៧៨ ឆ្នាំ បាន លើកឡើងជាញឹកញាប់នូវរឿងមិន ពិតដូចជារឿងនិយាយថា លោកទទួលបានជ័យជំនះក្នុង ការបោះឆ្នោតកាលពីឆ្នាំ២០២០ ជា ដើមនោះ ប៉ុន្តែលោក Biden មិនបានបដិសេធឡើយ។

ភាពដែលគេបានចាត់ទុកថាបរាជ័យនោះ ត្រូវបានគេបន្ទោសទៅលើវ័យចាស់ជរារបស់លោកផង ខណៈមនុស្សដែលស្និទ្ធ និងគាំទ្រលោកចូបៃដិន បានបន្ទោសដាក់លើ មន្ត្រីជំនួយការរបស់ លោកដែលចេះតែជំរុញឱ្យលោកចូបៃដិនឡើងកម្មវិធីជជែក និងពិភាក្សានោះខណៈលោក កំពុងរងអាការៈហេវហត់ អស់កម្លាំងនិងមានជម្ងឺ។ លោកចូបៃដិន បានថ្លែងប្តេជ្ញាថាលោកនឹង ធ្វើឱ្យបានល្អក្នុងកិច្ចពិភាក្សាលើកក្រោយដែលគ្រោងនឹងមកដល់នៅថ្ងៃ១០ កញ្ញា ឆ្នាំ២០២៤ ដែលកិច្ចពិភាក្សាលើកនេះ នឹងត្រូវរៀបចំដោយកម្មវិធីទូរទស្សន៍ ABC របស់សហរដ្ឋអាមេរិក។

ប៉ុន្តែនៅមុនពេលដែលកិច្ចពិភាក្សាលើកទី២ឈានចូលមកដល់ សមាជិកគណបក្សប្រជាធិបតេយ្យខ្លះ បានអំពាវនាវឱ្យមាន ការផ្លាស់ប្តូរបេក្ខភាព លោកចូបៃដិន ទៅហើយ។ សមាជិកសភាគណបក្សប្រជាធិបតេយ្យ លោក Lloyd Doggett នៃរដ្ឋតិចសាស់ គឺជាសមាជិក សភាលើកដំបូងគេ ដែលបានស្នើរកការផ្លាស់ប្តូរ បេក្ខភាពលោកចូបៃដិន។ លោក Lloyd Doggett បានថ្លែង ការសម្រេចចិត្តស្នើរបស់លោកដើម្បីឱ្យមានភាពទុកចិត្តកក់ ក្តៅជាសាធារណៈនេះ គឺមិនមែនមានន័យថា បានមើលស្រាល ឬមានការកាត់បន្ថយនូវការ គោរពចំពោះអ្វីដែលលោក ចូ បៃដិន ធ្លាប់បានធ្វើកាលពីមុននោះមកដែរ។ លោកបានថ្លែងបន្ត ថា លោកទទួលស្គាល់ នូវសមិទ្ធផលរបស់លោក ចូ បៃដិន ដែលកិច្ចការរបស់លោកមិនដូចជា លោក ដូណាល់ ត្រាំនោះឡើយ។ លោកថាភាពប្តេជ្ញាចិត្តរបស់លោក ចូ បៃដិន គឺធ្វើដើម្បីប្រទេសជាតិរបស់សហរដ្ឋអាមេរិក និងមិនមែនធ្វើដើម្បីតែរូបលោក ប្រធានាធិបតីខ្លួនឯងឡើយ។

លោកថ្លែងថាវានឹងក្លាយជាការសម្រេចចិត្ត ដ៏ឈឺចាប់និងលំបាកបំផុត សម្រាប់លោកប្រធានាធិបតី ដើម្បីធ្វើការដកខ្លួនចេញ ពីការប្រកួតប្រជែងនេះ។ កិច្ចពិភាក្សាដេញដោលជាលើកទី១ កន្លងមកនេះ ត្រូវបានលោកចូបៃដិនខ្លួនឯង ក៏បានទទួល ស្គាល់នូវការធ្វើមិនទាន់បានល្អដែរ ប៉ុន្តែលោកបានតាំងចិត្ត និងជំនះចិត្តថានឹងត្រូវធ្វើឱ្យបាន ជោគជ័យក្នុងកិច្ចពិភាក្សា ជាលើកទី២។

ទោះជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សាលើកទី១ដែលបានធ្វើសប្តាហ៍មុន ត្រូវបានការស្ទង់មតិ របស់ Ipsos បង្ហាញថាមិនមែនលោក ចូបៃដិន បានបាត់បង់ប្រៀបឈ្នះ ១០០ភាគរយនោះ ឡើយ។ ការស្ទង់មតិបង្ហាញថាលោកចូបៃដិន និងលោកដូណាល់ត្រាំនៅតែបន្ត រក្សាបាន សម្លេងអ្នកគាំទ្ររៀងៗខ្លួនប្រមាណ៤០ភាគរយ។

**** តើមានបេក្ខជនណាដែលអាចឈរជំនួសបើសិនជាលោកចូបៃដិនបានដកខ្លួន?

នៅពេលការស្ទង់មតិបានបង្ហាញឈ្មោះជាបន្តបន្ទាប់ នៃឈ្មោះថ្នាក់ដឹកនាំកំពូលគណបក្សប្រជាធិបតេយ្យមួយចំនួន ដែលអាចជំនួសបេក្ខភាពលោកចូបៃដិននោះ ឈ្មោះរបស់អតីតជំទាវ បារ៉ាក់អូបាម៉ា គឺលោកស្រី Michelle Obama ដែលបានទទួលប្រៀបសក្តានុពលខ្ពស់ជាងគេ។ លោកជំទាវ Michelle Obama មានប្រៀបជាងលោក Biden ដែលនាំមុខលោក Trump ពី 50 ភាគរយទៅ 39 ភាគរយនៅក្នុងការប្រៀបធៀប និងផ្គូរផ្គងតាមរយៈការស្ទង់មតិនោះ។ ប៉ុន្តែ លោកស្រី Michelle Obama បានថ្លែងម្តងហើយម្តងទៀតថា លោកស្រីមិនដែលចង់ប្រជែងក្នុង តំណែងប្រធានាធិបតីឡើយ។

ទន្ទឹមនឹងនេះដែរ អនុប្រធានាធិបតីលោកស្រី Kamala Harris មានពិន្ទុស្ថិតនៅក្រោយលោក Donald Trump ចំនួន១ពិន្ទុ គឺ៤២ភាគរយគាំទ្រ ទល់នឹង ៤៣ភាគរយពិន្ទុ។ ការស្ទង់មតិបាន បង្ហាញថាភាគរយគាំទ្រលោកស្រី Kamala Harris មានប្រហាក់ប្រហែលគ្នានឹងពិន្ទុគាំទ្ររបស់ លោកចូបៃដិន។

បេក្ខជនជំនួសបន្តម្នាក់ទៀតគឺអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ។ អភិបាល រដ្ឋកាលីហ្វ័រនីញ៉ានេះ បានស្ថិតនៅក្រោយ លោក ដូណាល់ ត្រាំ ចំនួន៣ពិន្ទុ គឺពិន្ទុ ៣៩ ទល់នឹង ៤២ភាគរយ ខណៈអភិបាលរដ្ឋ Michigan លោក Gretchen Whitmer មានពិន្ទុក្រោយលោក ដូណាល់ត្រាំចំនួន ៣៦ទល់នឹង៤១ភាគរយ។

**** តើនឹងមានលទ្ធភាពអាចផ្លាស់ប្តូរបេក្ខភាពលោកចូបៃដិនបានដែរឬទេ?

បើទោះបីជាមានការផ្គូរផ្គងយ៉ាងណាក៏ដោយ, លោក Joe Biden ដែលបានឈ្នះលើការបោះ ឆ្នោតបឋមPrimary vote តាមរយៈប្រតិភូភាគច្រើនក្នុងបក្សរួចមកនោះ នឹងមិនអាចឱ្យការផ្គូរ ផ្គងទាំងនោះ នឹងផ្លាស់ប្តូររូបលោកចេញពីបេក្ខជនឈរឈ្មោះ ប្រធានាធិបតីបានឡើយ។ ការ សម្រេចចិត្តប្តូរឬមិនប្តូរ នឹងអាស្រ័យទៅលើ រូបលោក ចូបៃដិនតែម្នាក់ប៉ុណ្ណោះ ខណៈក្រុមធ្វើ យុទ្ធនាការរបស់លោកបានប្រកាសរួចមកហើយថា លោកចូបៃដិននឹងមិនទៅណាឡើយ គឺ លោកនឹងបន្តជា បេក្ខជនប្រធានាធិបតី ដើម្បីប្រកួតប្រជែងការបោះឆ្នោតខែវិច្ឆិកាជាមួយនឹង លោកដូណាល់ត្រាំ។

ច្បាប់របស់គណៈកម្មាធិការជាតិប្រជាធិបតេយ្យDemocratic National Committee ដែលជា គ្រឹះសំខាន់របស់គណៈកម្មាធិការ គណបក្សប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក នឹងតម្រូវឱ្យប្រតិភូទាំងអស់ Delegates ដែលលោក Joe Biden បានឈ្នះនោះ ត្រូវធ្វើការសន្យារបស់ពួក គេលើការតែងតាំង ចំពោះរូបលោកចូបៃដិន លើកលែងតែលោក Joe Biden សម្រេចចិត្តចុះ ចេញពីតំណែងដោយខ្លួនឯងតែប៉ុណ្ណោះ។

ប៉ុន្តែនៅមុនពេលបើកមហាសន្និបាតគណៈកម្មាធិការបក្សប្រជាធិបតេយ្យថ្ងៃទី១៩ខែសីហា គណៈកម្មាធិការជាតិប្រជាធិបតេយ្យ អាចធ្វើការផ្លាស់ប្តូរច្បាប់របស់ខ្លួន បានក្នុងការចង់រារាំង លោក Joe Biden ដែលមានការវាយតម្លៃថាលោកទំនងជា នឹងមិនត្រូវបានគេផ្តល់ឱ្យថាមវ័ន្ត លើការគ្រប់គ្រងគណបក្សបច្ចុប្បន្ននេះ ទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយគេនឹងរង់ចាំ មើលក្រោយមហាសន្និបាតគណៈកម្មាធិការ បក្សប្រជាធិបតេយ្យថ្ងៃទី១៩ខែសីហានោះរួច។

ភាពស្ទុះស្ទាររបស់ក្រុមគណបក្សប្រជាធិបតេយ្យ ដើម្បីបង្ការារាំងលោកដូណាល់ត្រាំឡើង កាន់តំណែងនេះ បន្ទាប់ពីគោលនយោបាយបរទេសរបស់ គណបក្សប្រជាធិបតេយ្យ កំពុងតែក្លាយជាបង្អែកដ៏ខ្លាំងក្លាមួយខណៈសង្គ្រាម បាននិងកំពុងកើតឡើងនៅអ៊ុយក្រែនដែលបារម្ភខ្លាចរាលដាលដល់ទ្វីបអឺរ៉ុប, សង្គ្រាមនៅតំបន់ហ្គាហ្សាដែលបារម្ភ ការរាលដាលចូលក្នុងតំបន់ និងភាពប្រឈមមុខនឹងការប្រជែងឥទ្ធិពល រវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាមានិតចិន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពាក់ព័ន្ធនឹងវាសនាកោះតៃវ៉ាន់, វាសនាប្រទេសមួយចំនួនដែល ចាកចេញពីទំនាក់ទំនងល្អជាមួយនឹងប្រទេសចិន ងាកទំនោរមកពឹងសហរដ្ឋអាមេរិកដើម្បី ធ្វើជាឈ្នាន់ប្រឈមនឹងប្រទេសចិនជាដើម។

ក្តីបារម្ភមួយដ៏ធំនោះគឺថា បើសិនជាលោកចូបៃដិន ឬបេក្ខជនពីគណ បក្សប្រជាធិបតេយ្យបាន ចាញ់ឆ្នោតសកលនាខែវិច្ឆិកា ឆ្នាំ២០២៤នោះមែន តើនឹងមានអ្វីកើតឡើង ដល់ប្រទេសទាំង ឡាយដែលតែងពឹងផ្អែកលើនយោបាយការបរទេស នៃរដ្ឋបាលរបស់លោកចូបៃដិននោះ? ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន, លោកដូណាល់ត្រាំក្នុងកិច្ចពិភាក្សា វាស់ស្ទង់សមត្ថភាព បេក្ខជនសម្រាប់ប្រធានាធិបតីថ្មីកាលពីសប្តាហ៍មុននោះ បាននិយាយថារុស្ស៊ីនឹងមិនឈ្លាន ពានអ៊ុយក្រែនឡើយប្រសិនណា បើសហរដ្ឋអាមេរិកមានប្រធានាធិបតីដ៏ពិតប្រាកដមួយ។ លោកដូណាល់ត្រាំ បានថ្លែងអះអាងទៀតថា បើសិនជាលោកក្លាយជា ប្រធានាធិបតីថ្មីសាឡើងវិញ សង្គ្រាមនៅអ៊ុយក្រែននឹងត្រូវបញ្ចប់ក្នុងរយៈពេល២៤ម៉ោង។

ពាក់ព័ន្ធសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សានោះវិញ លោកដូណាល់ត្រាំបានទាត់ចោលសម្តី របស់ លោកចូបៃដិនដែលនិយាយថា ក្រុមហាម៉ាស់ជាភាគីតែមួយគត់ដែលចង់ ឱ្យមានសង្គ្រាមបន្ត នៅតំបន់ហ្គាហ្សា។ លោកដូណាល់ត្រាំបាននិយាយថា អ៊ីស្រាអែលចង់បន្ត កិច្ចការរបស់គេ នៅតំបន់ហ្គាហ្សានោះ និងលោកថា រដ្ឋបាលចូបៃដិនគួរតែទុកឱ្យអ៊ីស្រាអែលបញ្ចប់ នូវកិច្ចការរបស់គេទាំងនោះ៕