(ញូវដេលី)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានជួបរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងប្រទេសកាហ្សាក់ស្ថាន ជាទីដែលភាគីពីរឯកភាពគ្នា​បង្កើន​ការ​ចរចា​ ដើម្បី​ដោះស្រាយ​បញ្ហា​​តាម​ព្រំដែន​​ឱ្យ​បាន​ឆាប់​។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ ២០២៤។

លោក Jaishankar ជួបលោក Wang នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការស៊ាងហៃ ដែលរៀបចំឡើងក្នុងទីក្រុង Astana ហើយពួកគេបានយល់ស្របគ្នាថា «ការអូសបន្លាយនៃស្ថានភាពបច្ចុប្បន្ននៅតំបន់ព្រំដែន មិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ»។ បើតាមក្រសួងការបរទេសឥណ្ឌា «រដ្ឋមន្រ្តីទាំងពីរបានព្រមព្រៀងឱ្យមានការបង្កើនជំនួប រវាងក្រុមមន្ត្រីការទូត និងយោធា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានឆាប់បំផុត»។

គួរបញ្ជាក់ថា ឥណ្ឌា និងចិនមានព្រំដែនជាប់គ្នានៅតាមតំបន់ជួរភ្នំ Himalayan ដែលភាគច្រើន​​មានទំនាក់ទំនងមិនសូវល្អនឹងគ្នា ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែធ្លាក់ចុះ ចាប់តាំងពី​ការ​ប្រឈមមុខ​ដាក់គ្នា​ផ្នែក​យោធា ​ក្នុង​ខែកក្កដា ឆ្នាំ ២០២០ ដោយកាលណោះ​ទាហាន​ឥណ្ឌា ២០នាក់ និងទាហាន​ចិន ៤នាក់​បានស្លាប់៕