(មូស្គូ)៖ តុលាការយោធារុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចឱ្យ លោក Artyom Gorodilov ដែលជាមេបញ្ជាការកងពល 83rd Guards Air Assault Brigade ត្រូវឃុំខ្លួនបណ្តោះអាសន្នរយៈពេលពីរខែ ដោយចោទប្រកាន់ពីការក្លែងបន្លំទ្រង់ទ្រាយធំ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ ២០២៤។

ដោយដកស្រង់សម្តីរបស់អ្នកច្បាប់ TASS រាយការណ៍ថា លោក Gorodilov បា​នបដិសេធប្រព្រឹត្ត​កំហុស ជុំវិញការ​ចោទ​ប្រកាន់ខាងលើ​។ លោក Gorodilov ដែលត្រូវបានបញ្ចេញជាសាធារណៈ អំពីការកេងចំណេញក្នុងសង្រ្គាមអ៊ុយក្រែន គឺជាបុគ្គលម្នាក់ទៀតក្នុងជួរមន្ត្រីយោធាជាន់ខ្ពស់ និង​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​របស់ប្រទេសរុស្ស៉ី ដែលត្រូវ​ចាប់ខ្លួន​ពី​បទ​ពុករលួយ​នា​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗនេះ​។

គួរបញ្ជាក់ថា រលកនៃការចាប់ខ្លួនបានកើតមានឡើង ស្របពេលជាមួយនិងការតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី លោក Andrei Belousov នៅក្នុងខែឧសភា ជំនួសអតីតរដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu។ ក្រៅពីនេះ មានឥស្សរជនសំខាន់ៗ រួមទាំងអនុរដ្ឋមន្ត្រីការពារជាតិ និងប្រធានបុគ្គលិករបស់ក្រសួងដែលត្រូវបានឃុំខ្លួន និងកំពុងរង់ចាំការកាត់ក្តី៕