(ប៉េកាំង)៖ នៅយប់ថ្ងៃទី ៣ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីមុនពេលចូលរួមកិច្ចប្រជុំកំពូលរបស់ អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន និងរុស្ស៊ីគួរតែបន្តពង្រឹងការតភ្ជាប់ យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការសម្របសម្រួល និងសហការផ្នែកយុទ្ធសាស្ត្រអន្តរជាតិ។ ប្រទេសចិនគាំទ្ររុស្ស៊ីក្នុងការបំពេញភារកិច្ចរបស់ខ្លួន ក្នុងនាមជាប្រធានផ្លាស់វេននៃប្រទេស BRICS រួមសាមគ្គីជាមួយប្រទេស "សកលខាងត្បូង " ទប់ស្កាត់ "សង្គ្រាមត្រជាក់ថ្មី" និងប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគី និងខុសច្បាប់និងសកម្មភាពអនុត្តរភាពនិយម។

លោក Putin បានថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋចិន Xi Jinping ដែលបានធ្វើពិធីបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅប្រទេសចិន កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។ លោកបន្តថា បច្ចុប្បន្ន ទំនាក់ទំនងរុស្ស៊ី-ចិនកំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ។ រុស្ស៊ីគាំទ្រចិនក្នុងការគាំពារផលប្រយោជន៍ស្នូល និងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ព្រមទាំងប្រឆាំងនឹងកម្លាំងខាងក្រៅដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបញ្ហាសមុទ្រចិនខាងត្បូងរបស់ចិន។

ប្រមុខរដ្ឋនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរ មតិយោបល់អំពីបញ្ហាអន្តរជាតិ និងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់នូវការជំរុញ និងសម្រុះសម្រួលយ៉ាងសកម្ម ដើម្បីឱ្យភាគីពាក់ព័ន្ធពិភាក្សាគ្នាដោយសន្តិវិធី ហើយមានឆន្ទៈបន្តធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការដោះស្រាយបញ្ហាក្តៅ ក្នុងតំបន់តាមវិធីនយោបាយ ដូចជាវិបត្តិអ៊ុយក្រែនជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន