(ម៉ានីល)៖ ប្រមុខយោធាហ្វីលីពីន បានប្រាប់ថា ប្រទេសអាស៊ានមួយនេះ បានបដិសេធចំពោះ សំណើពីសម្ព័ន្ធមិត្តខ្លួន គឺសហរដ្ឋអាមេរិក ដែលមានបំណងជួយដល់ ប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីភាពតានតឹងបានកើនឡើងខ្លាំងជាមួយចិន នៅក្បែរបរិវេណតំបន់ថ្មប៉ប្រះទឹក ដែលមានបញ្ហាជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤។

ភាពតានតឹងបានកើនឡើងជាលំដាប់ នៅសមុទ្រចិនខាងត្បូង ក្នុងរយៈពេលប្រមាណជាមួយឆ្នាំកន្លងមកនេះ ខណៈហេតុការណ៍ប្រឈមមុខ​ដាក់គ្នាចុងក្រោយបង្អស់ បានកើនឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ដោយទីក្រុងម៉ានីលបានអះអាងថា នាវិកមួយចំនួនរបស់ខ្លួនបានរងរបួស ដោយសារតែកងកម្លាំងឆ្មាំសមុទ្រចិន។ ហ្វីលីពីនជាប្រចាំ តែងធ្វើបេសកកម្មដឹកជញ្ជូនសម្ភារ និង​ស្បៀងអាហារទៅឱ្យ កងទ័ពរបស់ខ្លួន ឈរជើងនៅលើខ្មោចនាវាចម្បាំង១គ្រឿង ដែលហ្វីលីពិនបានយកទៅទុកចោល នៅតំបន់ថ្មប៉ះប្រះទឹកមានជម្លោះ Second Thomas Shoal ដែលចិនហៅថា Ren'ai Jiao។

ក្នុងសប្តាហ៍នេះ ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក Romeo Brawner បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ហ្វីលីពីន ចង់ចាត់ចែងប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងដោយខ្លួនឯង បើទោះបីជាអាមេរិក ដែលជាសម្ព័ន្ធមិត្តមានចងភ្ជាប់សន្ធិសញ្ញា បានស្នើចង់​ជួយគាំទ្រដល់ប្រតិបត្តិការរបស់ហ្វីលីពីន ក៏ដោយ។ លោក Brawner បាននិយាយដូច្នេះថា «ប្រាកដណាស់ ពួកគេ (អាមេរិក) បានស្នើ​ចង់ជួយពួកយើង ហើយបានសាកសួរយើងថា តើពួកគេអាចជួយក្នុងរបៀបណាមួយបានដែរឬទេ។ យ៉ាងណាក្តី ពួកយើងចង់ព្យាយាម ប្រើជម្រើសផ្សេងៗដែលយើងមាន ឱ្យអស់ពីលទ្ធភាពសិន មុនពួកយើងងាកទៅស្នើសុំការជួយ»

ចំណែក ទីប្រឹក្សាសន្តិសុខហ្វីលីពីន លោក Eduardo Ano ក៏បាននិយាយដែរថា ហ្វីលីពីនចង់ឱ្យប្រតិបត្តិការរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ជាប្រតិបត្តិការរបស់ហ្វីលីពីនសុទ្ធសាធ។ លោក Ano បានប្រាប់ Reuters ដូច្នេះថា «នេះជាផលប្រយោជន៍ជាតិស្របច្បាប់របស់យើង ដូច្នេះហើយ ពួកយើងមើលមិនឃើញហេតុផលអ្វី សម្រាប់ឱ្យពួកគេ (អាមេរិក) ចូលលូកដៃនោះឡើយ»។ កាលពីខែមុន លោក Ano បានជជែកជាមួយសមភាគីអាមេរិករបស់លោក គឺលោក Jake Sullivan អំពីក្តីកង្វល់រួមពាក់ព័ន្ធសកម្មភាពចិន។ ទាំងលោក Ano និង លោក Brawner គឺមិនបានបញ្ជាក់ច្បាស់ថា តើការគាំទ្រលក្ខណៈបែបណា ដែលសហរដ្ឋអាមេរិក បានស្នើចង់ផ្តល់ឱ្យនោះឡើយ។

គួរបញ្ជាក់ថា ទីក្រុងម៉ានីលនិងទីក្រុងវ៉ាស៉ីនតោន ត្រូវបានចងភ្ជាប់គ្នាដោយសន្ធិសញ្ញាឆ្នាំ១៩៥១ ហៅកាត់ MDT ជាសន្ធិសញ្ញាយោធាជួយការពារគ្នាទៅវិញទៅមក ដែលអាចត្រូវយកមកអនុវត្តបាន ក្នុងករណីដែលមានការវាយប្រហារប្រដាប់អាវុធ មកលើកងកម្លាំងយោធា ​ក៏ដូចជាកប៉ាល់ឬយន្តហោះសាធារណៈរបស់ហ្វីលីពីន នៅតំបន់សមុទ្រចិនខាងត្បូង៕