(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ​ បានទទូចថា ពុំមាននរណាផ្សេង ដែលសមជាងលោក ក្នុងការដឹកនាំសហរដ្ឋអាមេរិក ឬមួយក៏ផ្តួលលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតី នៅប៉ុន្មានខែខាងមុខនោះឡើយ ក្រោយក្តីកង្វល់បានផ្ទុះឡើងខ្លាំងថា តើរូបលោកអាចយកឈ្នះលោក ត្រាំ ជាថ្មីបានដែរឬក៏អត់ នៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤។

នៅពេលត្រូវបានសាកសួរដោយសារព័ត៌មាន ABC News ក្នុងកិច្ចសម្ភាសលើកទី១ ចាប់តាំងពីលោកបានបាក់មុខ ក្រោយធ្វើមិនបានល្អ ក្នុងវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ ថា ប្រសិនបើរូបលោកបន្តស្ថិតក្នុង ការប្រកួតប្រជែងតំណែងប្រធានាធីបតី ប្រហែលអាចនឹងធ្វើ​ឱ្យគណបក្សប្រជាធិបតេយ្យ បាត់បង់ការគ្រប់គ្រងនៅសេតវិមាន ឬយ៉ាងណានោះ លោក បៃដិន បានឆ្លើយតបដូច្នេះថា «រូបខ្ញុំមិនយល់ថា មាននរណាផ្សេងទៀត ដែលសមធ្វើជាប្រធានាធិបតី ឬទទួលជ័យជម្នះក្នុងការបោះឆ្នោត ជាងខ្ញុំឡើយ»។

លោកប្រធានាធិបតីអាមេរិក បានបន្តអះអាងថា យប់ថ្ងៃដែលលោកចូលរួមវេទិកាតស៊ូមតិនោះ គឺរូបលោកមានអារម្មណ៍មិនសូវល្អឡើយ ហើយហត់នឿយខ្លាំង ក្រោយការបំពេញទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប។ អំឡុងវេទិកាតស៊ូមតិកាលពីសប្តាហ៍មុន រៀបចំដោយ CNN លោក បៃដិន ត្រូវគេមើលឃើញថា និយាយរដាក់រដុប មិនច្បាស់ និងភ្លេចភ្លាំងច្រើន។ លោក ចូ បៃដិន បានបន្ថែមទៀតថា សមាជិកមួយចំនួន នៃគណបក្សប្រជាធិបតេយ្យរបស់លោក បានអំពាវនាវចង់ឱ្យលោកដកខ្លួនចេញពីការប្រកួត ប៉ុន្តែលោកបានប្តេជ្ញាថា នឹងមិនធ្វើបែបនោះ​ជាដាច់ខាត។

គួរបញ្ជាក់ថា សព្វថ្ងៃនេះ លោក បៃដិន មានវ័យ៨១ឆ្នាំហើយ ខណៈប្រសិនបើបន្តជាប់ឆ្នោតទៀត គឺរូបលោកនឹងឈានដល់វ័យ៨៧ឆ្នាំ នៅចុងអាណត្តិទី២របស់លោក។ ចំណែក លោក ដូណាល់ ត្រាំ វិញ ក៏មិនមានវ័យក្មេងជាងលោក បៃដិន ប៉ុន្មានដែរ គឺបច្ចុប្បន្នអាយុ ៧៨ឆ្នាំ។ លោក ត្រាំ ធ្លាប់ធ្វើជាប្រធានាធិបតីបាន១អាណត្តិ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែវិច្ឆិកា៕