(ហ្កាហ្សា)៖ សមាជិកជាន់ខ្ពស់មួយរូបរបស់ហាម៉ាស បានប្រាប់ Reuters ថាក្រុមរបស់ខ្លួនព្រមទទួលយកសំណើរបស់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល រួមទាំងទាហាន និងបុរសៗផងដែរ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ ២០២៤។

ដោយសុំមិនបញ្ចេញឈ្មោះ សមាជិករូបនោះនិយាយថា ក្រុមហាម៉ាសបានទម្លាក់ចុះនូវការទាមទារដែលអ៉ីស្រាអែលចង់បានតាំងពីដំបូងចំពោះបទឈប់បាញ់អចិន្រ្តៃយ៍ មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហើយ​នឹង​អនុញ្ញាត​ឱ្យ​ការ​ចរចាសម្រេច​បាន​ក្នុង​រយៈ​ពេល​ ៦​សប្តាហ៍​។ មន្ត្រីប៉ាឡេស្ទីនម្នាក់ដែលដឹងកិច្ចការនេះ បាននិយាយថា សំណើនេះអាចនាំទៅរកកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ប្រសិនបើអ៉ីស្រាអែលទទួលយក ហើយនឹងអាចបញ្ចប់សង្គ្រាមអ៉ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា អ្នកនាំពាក្យរបស់ លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៉ីស្រាអែល មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។ ប៉ុន្តែកាលពីថ្ងៃសុក្រ ការិយាល័យរបស់លោក បានឱ្យដឹងថា ការពិភាក្សានឹងបន្តនៅសប្តាហ៍ក្រោយ ហើយសង្កត់ធ្ងន់ថា គម្លាតនៅតែមានរវាងភាគីនានា។

បើតាមតួលេខផ្លូវការរបស់អ៉ីស្រាអែល សង្រ្គាមនៅតំបន់ហ្កាហ្សា បានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ៣៨,០០០នាក់ បន្ទាប់ពីការវាយឆ្មក់របស់ក្រុមហាម៉ាសលើទីក្រុងភាគខាងត្បូងរបស់អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សចំនួន ១,២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់៕