(ហ៊្សេរុយសាឡិម)៖ ក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់និយាយថា ខ្លួនបានបើកការវាយប្រហារដោយយន្តហោះដ្រូនទៅលើភ្នំ Hermon នៃតំបន់ Golan Heights របស់អ៉ីស្រាអែលកាន់កាប់នៅស៉ីរី ហើយមានមជ្ឈមណ្ឌលឃ្លាំមើលដ៏សំខាន់មួយនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០២៤។

Hezbollah ថានេះគឺជាបំផ្ទុះលើកដំបូងរបស់ខ្លួន ចាប់តាំងពីការបាញ់ផ្លោងដាក់គ្នាជាមួយអ៉ីស្រាអែល នៅថ្ងៃទី៨ ខែតុលា ពោលគឺមួយថ្ងៃក្រោយសង្រ្គាមហ្កាហ្សាផ្ទុះឡើង។ ទោះជាធ្លាប់វាយលុកលើទីតាំងផ្សេងៗនៅក្នុងតំបន់ Golan Heights ក៏ដោយ តែការកំណត់គោលដៅលើកនេះ គឺធ្វើឡើងនៅលើទីតាំងយោធាដ៏សំខាន់មួយរបស់អ៉ីស្រាអែល។ អ៉ីស្រាអែល មានកន្លែងឃ្លាំមើល ចារកម្ម និងប្រព័ន្ធការពារដែនអាកាសសំខាន់ៗ នៅលើភ្នំ Hermon ជាទីដែលអាចមើលឃើញរដ្ឋធានីស៉ីរីពីលើអាកាស និងសម្រាប់បម្រើដល់ការឃ្លាំមើលស៉ីរី អ៉ីរ៉ាក់ ហ៊្សកដានី និងផ្នែកខ្លះនៃប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីសង្រ្គាមអារ៉ាប់-អ៉ីស្រាអែលឆ្នាំ ១៩៧៣។ ចំណែក ខាងអ៉ីស្រាអែល នៅមិនទាន់មានការបញ្ជាក់ទេ ជុំវិញការអះអាងនេះ។

គួរបញ្ជាក់ថា ជម្លោះរវាងក្រុម Hezbollah និងអ៉ីស្រាអែលបាននិងកំពុងកើនឡើងជាលំដាប់ ដោយបង្កើនការភ័យខ្លាចពីសង្គ្រាមទ្រង់ទ្រាយធំ ខណៈភាគីទាំងពីរថាចង់ចៀសវាង ហើយក្រុមអ្នកការទូកំពុងធ្វើការដើម្បីទប់ស្កាត់។ កន្លងមក Hezbollah និយាយថាប្រតិបត្តិការនៃក្រុមរបស់ខ្លួននឹងបញ្ឈប់ នៅពេលដែលសង្គ្រាមហ្កាហ្សាបិទបញ្ចប់៕