(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង នាថ្ងៃចន្ទនេះ បន្ទាប់ពីរូបលោក បានបើកកិច្ចពិភាក្សា ពាក់ព័ន្ធសន្តិភាពសម្រាប់សង្រ្គាមនៅអ៊ុយក្រែន ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលសកម្មភាពនោះ បានបង្កការខឹងសម្បារក្នុងចំណោម មេដឹកនាំប្រទេសមួយចំនួន នៃសហភាពអឺរ៉ុប (EU)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤។

បន្ទាប់ពីហុងគ្រីឡើងជាប្រធានប្តូរវេនរបស់ EU កាលពីដើមខែកក្កដានេះ លោក Orban បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច ជួយស្វែងរកសន្តិភាព ដោយបានទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងកៀវ ហើយបន្ទាប់មក បាន​ទៅវិមានក្រឹមឡាំង ដើម្បីជួបលោក ពូទីន ខណៈទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងមូស្គូ ត្រូវបានរិះគន់ដោយសម្ព័ន្ធមិត្ត នៅក្នុង EU។

នៅពេលទៅដល់ទីក្រុងប៉េកាំង លោក Orban បានបង្ហោះសារលើ ប្រព័ន្ធទំនាក់ទំនងសង្គម X ថា «បេសកកម្មសន្តិភាព ៣.០» ហើយ​លោកបានបន្តថា ចិនគឺជាមហាអំណាចដ៏សំខាន់មួយ ក្នុងការបង្កើតលក្ខខណ្ឌដើម្បីសន្តិភាព សម្រាប់សង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន ខណៈហេតុផលបែបនេះហើយ ទើបលោកបានមកជួបលោក ស៉ី ជីនពីង ជាថ្មីម្តងទៀត ក្នុងពេលត្រឹមតែ២ខែ បន្ទាប់ពីមេដឹកនាំចិន បានបំពេញទស្សនកិច្ច​ទៅកាន់ទីក្រុងប៊ុយដាប៉ែស។ លោក Orban បានសង្កត់ធ្ងន់ថា វាមានសារសំខាន់ជាខ្លាំង ដែលចិនជួយអំពាវនាវរកសន្តិភាព នៅលើពិភពលោក។

គួរបញ្ជាក់ថា លោក Orban គឺជាអ្នករិះគន់ការផ្តល់ជំនួយយោធារបស់លោកខាងលិច ឱ្យទៅអ៊ុយក្រែន និងជាមេដឹកនាំប្រទេស EU ដែល​មានទំនាក់ទំនាក់ កក់ក្តៅជាងគេបង្អស់ ជាមួយលោក ពូទីន។ ទស្សនកិច្ចរបស់លោក Orban មកកាន់ប្រទេសចិន គឺកើតមាននៅប៉ុន្មានថ្ងៃមុន កិច្ចប្រជុំកំពូលអង្គការ NATO ដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក និងដែលផ្តោតលើការបន្តគាំទ្រដល់អ៊ុយក្រែន ហើយបន្ទាប់ពីគណៈកម្មការអឺរ៉ុប ទើបតែ​បានបញ្ជាក់កាលពីសប្តាហ៍មុនថា នឹងមានការដំឡើងពន្ធរហូតដល់៣៧.៦ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីចិន៕