(ម៉ូស្គូ)៖ នៅក្នុងជំនួបពិភាក្សានៅវិមានក្រឹមឡាំង នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា ការស្លាប់របស់កុមារគ្មានទោសកំហុស គឺជារឿងដ៏ឈឺចាប់ មួយថ្ងៃបន្ទាប់ពីមានការវាយប្រហារលើមន្ទីរពេទ្យកុមារមួយ នៅទីក្រុងកៀវដែលបានសម្លាប់មនុស្សរាប់សិបនាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

លោក ម៉ូឌី បាននិយាយថា ការស្លាប់របស់កុមារគ្មានទោសក្នុងសង្គ្រាម ជម្លោះ ឬការវាយប្រហារភេរវកម្ម គឺជារឿង «ឈឺចាប់ខ្លាំងណាស់» ហើយលោកថា ដំណោះស្រាយចំពោះសង្គ្រាមនៅអ៊ុយក្រែន «មិនអាចរកឃើញនៅសមរភូមិទេ... យើងត្រូវតែស្វែងរកសន្តិភាពតាមរយៈការចរចា»

ក្នុងជំនួបនេះ លោក ពូទីន បានសម្តែងការកោតសរសើរចំពោះទំនាក់ទំនងដ៏ពិសេស និងយុទ្ធសាស្រ្តរវាងប្រទេសរុស្ស៊ី និងឥណ្ឌា ហើយបានថ្លែងអំណរគុណដល់លោក ម៉ូឌី ចំពោះការខិតខំប្រឹងប្រែងរបស់លោក ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាម។ លោក ពូទីន ក៏បានស្វាគមន៍លោក ម៉ូឌី នៅវិមានក្រឹមឡាំង ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌាបានក្លាយជាដៃគូសំខាន់សម្រាប់រុស្ស៊ី ដែលកំពុងប្រឈមនឹងទណ្ឌកម្មពីលោកខាងលិច។ ឥណ្ឌាបានបង្កើនការទិញប្រេងដែលមានតម្លៃថោកពីរុស្ស៊ី ខណៈដែលបានជំរុញឱ្យភាគីទាំងពីរ គឺអ៊ុយក្រែន និងរុស្ស៊ី ដោះស្រាយជម្លោះរបស់ពួកគេតាមរយៈការសន្ទនា និងការទូត។ ទោះបីជាសហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភអំពីទំនាក់ទំនងរវាងឥណ្ឌា និងរុស្ស៊ីក៏ដោយ ឥណ្ឌានៅតែបន្តរក្សាជំហរអព្យាក្រឹតរបស់ខ្លួនចំពោះសង្គ្រាមនៅអ៊ុយក្រែន។៕