(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានរឹបអូសយកកប៉ាល់ដឹកទំនិញបរទេសមួយគ្រឿង និងបានឃាត់ខ្លួនប្រធានកប៉ាល់ (កាពីទែន) ដែលជាជនជាតិ Azerbaijan ដោយចោទប្រកាន់ពីបទនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដោយខុសច្បាប់ចេញពីឧបទ្វីបគ្រីមៀ ដែលត្រូវបានបញ្ចូលជាផ្នែកមួយនៃរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

ចាប់តាំងពីរុស្ស៊ីដណ្តើមយកតំបន់កសិកម្មមួយចំនួន នៅអ៊ុយក្រែនកាលពីដើមឆ្នាំ ២០២២ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីបទប្រមូលផល និងនាំចេញគ្រាប់ធញ្ញជាតិដែលផលិតនៅលើទឹកដីកាន់កាប់ទៅកាន់ប្រទេសទីបី។

ការិយាល័យរបស់រដ្ឋអាជ្ញាអ៊ុយក្រែនបាននិយាយថា កប៉ាល់នេះបាននាំចេញផលិតផលកសិកម្មតាមរយៈកំពង់ផែ Sevastopol នៃតំបន់គ្រីមៀដែលជាមជ្ឈមណ្ឌលយោធាសំខាន់សម្រាប់រុស្ស៊ីនៅសមុទ្រខ្មៅ។

សេវាសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយថា ខ្លួនបានឃាត់ខ្លួនប្រធានកប៉ាល់នេះ ដោយចោទប្រកាន់ពីបទបំពានច្បាប់លើការចូលទៅក្នុងទឹកដីកាន់កាប់ និងអះអាងថាគ្រាប់ធញ្ញជាតិដែលនាំចេញដោយកប៉ាល់នេះ ត្រូវបានផលិតនៅភាគខាងត្បូងអ៊ុយក្រែន។

គួរបញ្ជាក់ថា ការចោទប្រកាន់នេះអាចប្រឈមនឹងការផ្តន្ទាទោសពីបទជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។ នេះជាលើកដំបូងហើយដែលអ៊ុយក្រែនបានរឹបអូសយកកប៉ាល់ដែលមានទង់ជាតិអន្តរជាតិពីបទដឹកជញ្ជូនខុសច្បាប់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន ក្នុងការទប់ស្កាត់ការនាំចេញគ្រាប់ធញ្ញជាតិខុសច្បាប់ពីតំបន់គ្រីមៀ៕