(ហ្សឺណែវ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ជំងឺ COVID-19 នៅតែកំពុងបន្តសម្លាប់​មនុស្សប្រហែល ១,៧០០នាក់ ក្នុងមួយសប្តាហ៍នៅជុំវិញពិភពលោក ហើយបានទទូចឱ្យក្រុមអ្នករងហានិភ័យខ្ពស់ រក្សាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤។

អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ទោះបីនៅមាន​អ្នកបន្តបាត់បង់ជីវិតក៏ដោយ ទិន្នន័យបានបង្ហាញថា ការចាក់វ៉ាក់សាំងបានថយចុះគួរឱ្យកត់សម្គាល់ ក្នុងចំណោមបុគ្គលិកសុខាភិបាល និង​អ្នកដែលមានវ័យលើស៦០ឆ្នាំ ខណៈក្រុមបុគ្គលទាំង២នេះ ស្ថិតក្នុងចំណោមក្រុមងាយរងហានិភ័យបំផុត។ WHO ណែនាំឱ្យអ្នកស្ថិតក្នុង​ក្រុមប្រឈមហានិភ័យខ្ពស់បំផុត បន្តទទួលការចាក់វ៉ាក់សាំងកូវីដ ក្នុងរយៈពេលមិនគួរលើសពី១២ខែ បន្ទាប់ពីចាក់ដូសចុងក្រោយ។

គួរបញ្ជាក់ថា ករណីស្លាប់ដោយសារជំងឺកូវីដសរុបជាង៧លាននាក់ ត្រូវបានរាយការណ៍មកកាន់ WHO ប៉ុន្តែតួលេខពិតប្រាកដជាក់ស្តែង ត្រូវគេជឿជាក់ថា ខ្ពស់ជាងនេះឆ្ងាយណាស់។ លោក Tedros បានប្រកាសបិទបញ្ចប់ COVID-19 ជាភាពអាសន្នសុខភាពសាធារណៈ​អន្តរជាតិ កាលពីខែឧសភា ឆ្នាំ២០២៣ ពោលគឺជាង៣ឆ្នាំ ចាប់ពីពេលដែលជំងឺនេះ ត្រូវបានប្រទះឃើញជាលើកដំបូង ក្នុងទីក្រុង Wuhan នៃប្រទេសចិន កាលពីចុងឆ្នាំ២០១៩៕