(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវទៅកាន់បណ្តាមេដឹកនាំ នៃក្រុមប្រទេសជាសមាជិកអង្គការ NATO អំឡុងកិច្ចប្រជុំកំពូលរបស់ពួកគេ នៅឯទីក្រុងវ៉ាស៉ីនតោន ឱ្យដកចេញនូវការរឹតត្បិតទាំងអស់ លើការវាយប្រហាររបស់ទីក្រុងកៀវ ចូលទៅក្នុងទឹកដីរបស់រុស្ស៉ី ដោយប្រើប្រាស់សព្វាវុធរបស់លោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤។

លោក ហ្សេលេនស្គី បានប្រាប់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «ប្រសិនបើពួកយើងចង់ទទួលជ័យជម្នះ ប្រសិនបើយើងចង់ជួយសង្រ្គោះ​ក៏ដូចជាការពារប្រទេសរបស់យើង នោះពួកយើងចាំបាច់ត្រូវតែដកការរឹតត្បិតទាំងអស់ចេញ»។ ទីប្រឹក្សាជាន់ខ្ពស់របស់លោក ហ្សេលេនស្គី គឺលោក Andriy Yermak ក៏បានធ្វើការអំពាវនាវស្រដៀងគ្នាផងដែរ។

ការអំពាវនាវរបស់អ៊ុយក្រែន កើតមានឡើង បន្ទាប់ពីសេតវិមានបានចេញមុខបញ្ជាក់ជាថ្មី នូវការហាមឃាត់អ៊ុយក្រែន វាយប្រហារចូលជ្រៅ​ក្នុងទឹកដីរបស់រុស្ស៉ី ដោយប្រើប្រាស់សព្វាវុធផ្គត់ផ្គង់ដោយអាមេរិក បន្ទាប់ពីការវាយប្រហារមីស៉ីលដ៏ប្រល័យមួយរបស់រុស្ស៉ី បានត្រូវចំលើ​មន្ទីរពេទ្យកុមារក្នុងទីក្រុងកៀវ។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោន អនុញ្ញាតឱ្យអ៊ុយក្រែន អាចប្រើប្រាស់អាវុធរបស់អាមេរិក ប្រឆាំងតែទៅលើគោលដៅនានា ស្ថិត​ក្នុងទឹកដីរុស្ស៉ី ដែលកំពុងគាំទ្រដល់ប្រតិបត្តិការវាយលុករបស់រុស្ស៉ី នៅអ៊ុយក្រែនប៉ុណ្ណោះ ប៉ុន្តែហាមមិនឱ្យប្រើប្រាស់ពួកវា វាយប្រហារ​ចូល​ជ្រៅក្នុងទឹកដីរបស់រុស្ស៉ីឡើយ៕