(កដ្ឋមណ្ឌូ)៖ អាជ្ញាធរនិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៦៣នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានការអិលបាក់ដីបង្កឡើង ដោយភ្លៀងមូសុង បានវាយប្រហារចំរថយន្តក្រុង ២គ្រឿង បណ្តាលឱ្យធ្លាក់ចេញពីផ្លូវ highway ចូលទៅក្នុងទឹកទន្លេ នៅប្រទេសនេប៉ាល់ នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ ២០២៤។

ហេតុការណ៍នេះ បានកើតឡើងនៅឯផ្លូវ highway មួយកន្លែងចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu) កាលពីវេលាម៉ោង ៣ និង៣០នាទីទាបភ្លឺថ្ងៃសុក្រ (ម៉ោងក្នុងតំបន់)។ មន្រ្តីសង្កាត់ លោក Khimananda Bhusal បានប្រាប់ AFP ថាបុគ្គលិកស្វែងរក និងជួយសង្រ្គោះកំពុងស្វែងរកអ្នកនៅមានជីវិត នៅសង្កាត់ Chitwan ភាគកណ្តាល។ លោក Bhusal និយាយថា រថយន្តក្រុងពីរគ្រឿង ផ្ទុកមនុស្សសរុបចំនួន ៦៦នាក់ ប៉ុន្តែអ្នកដំណើរ ៣នាក់អាចគេចចេញបាន មុនពេលរថយន្តធ្លាក់ទៅក្នុងទន្លេ Trishuli ហើយពេលនេះកំពុងទទួលការព្យាបាល។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់បណ្តាលឱ្យមានមនុស្សស្លាប់ គឺតែងតែកើតមាននៅប្រទេសក្នុងតំបន់ជួរភ្នំ Himalayan មួយនេះ ដោយសារតែស្ថានភាពផ្លូវ យានយន្តចាស់ៗ និងការធ្វេសប្រហែសក្នុងការបើកបរ។ បើតាមទិន្នន័យរបស់រដ្ឋាភិបាលនេប៉ាល់ ក្នុងរយៈពេល ១២ខែ មកទល់នឹងខែមេសា ឆ្នាំ ២០២៤ គ្រោះថ្នាក់ចរចរណ៍តាមដងផ្លូវ បានឆក់យកជីវិតមនុស្សជាង ២,៤០០នាក់៕