(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុង Milwaukee រដ្ឋ Wisconsin កាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា (ម៉ោងនៅអាមេរិក) ដើម្បីចូលរួមសមាជជាតិរបស់គណបក្សសាធារណរដ្ឋ (Republican National Convention) មិនដល់ ២៤ម៉ោងស្រួលបួលផង បន្ទាប់ពីលោកបានរងរបួសត្រង់ត្រចៀកខាងស្ដាំ អំឡុងការប៉ុនប៉ងធ្វើឃាតមួយមិនបានសម្រេច។ នេះបើតាមការបញ្ជាក់ពីកូនប្រុសរបស់លោក ត្រាំ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កូនប្រុសរបស់លោក ត្រាំ គឺលោក Eric Trump បានបញ្ជាក់ពីការធ្វើដំណើរទៅដល់ទីក្រុង Milwaukee នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម​ X។ នៅបន្ទាប់ពីរងរបួស ក្នុងការប៉ុនប៉ងធ្វើឃាតមិនបានសម្រេច អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា លោក ត្រាំ បានទទូចថាលោកនឹង នៅតែបន្តទៅចូលរួមសមាជជាតិរបស់គណបក្សសាធារណរដ្ឋ។ «ខ្ញុំមិនអាចអនុញ្ញាតឱ្យខ្មាន់កាំភ្លើងម្នាក់ ឬឃាតកម្នាក់ បង្ខំឱ្យខ្ញុំឱ្យផ្លាស់ប្ដូរកាលវិភាគបាននោះទេ។ ដូច្នេះ ខ្ញុំនឹងចេញ ដំណើរឆ្ពោះទៅកាន់ទីក្រុង Milwaukee តាមការគ្រោងទុក...»។ នេះជាការគូសបញ្ជាក់របស់លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា នៅក្នុងការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ មិនបានសម្រេច ខ្មាន់កំាភ្លើងបានបាញ់សម្លាប់មនុស្សម្នាក់ និង២នាក់ទៀតរងរបួស រីឯខ្មាន់កាំភ្លើងត្រូវបានបាញ់ សម្លាប់ ដោយកងការពារ Secret Service។ បក្សសាធារណរដ្ឋត្រូវបានរំពឹងថានឹងប្រកាសតែងតាំងលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីនៅឯសមាជជាតិរបស់ខ្លួន ដើម្បីតតាំងជាមួយលោក ចូ បៃដិន នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។

នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ត្រាំ ក៏ត្រូវបានរំពឹងដែរថានឹងប្រកាសពីបេក្ខជនអនុប្រធានាធិបតីរបស់លោក ហើយបើតាមក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក លោក ត្រាំ នឹងទទួលស្គាល់ការតែងតាំងរូបលោកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងសុន្ទរកថាមួយដែលអាចនឹងមានការចូលរួមពីមនុស្សរាប់លាននាក់៕