(អូតាវ៉ា)៖ ភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្កជាទឹកជំនន់នៅតាមតំបន់ខ្លះនៃទីក្រុង​ Toronto ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយរបស់ប្រទេសកាណាដា និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី រំខាន់ដល់ការធ្វើចរាចរណ៍ ហើយជើងហោះហើរនានាត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០២៤។

ក្រុមហ៊ុនចែកចាយថាមពលអគ្គិសនីក្នុងស្រុក Toronto Hydro បានឱ្យដឹងថា ខ្លួនកំពុងដោះស្រាយបញ្ហាដាច់ភ្លើងដែលសង្ស័យមកពីទឹកជំនន់ នៅឯស្ថានីយ៍បញ្ជូន។ គិតត្រឹមម៉ោង ៣រសៀលថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) អតិថិជនប្រហែល ១២៣,០០០នាក់គ្មានអគ្គិសនីប្រើប្រាស់។ អាកាសយានដ្ឋាន Billy Bishop Airport ដែលស្ថិតនៅលើកោះភាគកណ្តាលទីក្រុងToronto បានឱ្យដឹងថា ផ្លូវក្រោមដីសម្រាប់អ្នកដើរថ្មើរជើងក្រោមទឹក ដែលនាំទៅដល់ចំណតអ្នកដំណើរត្រូវបានជន់លិច និងបិទបណ្តោះអាសន្ន។ យ៉ាងហោចណាស់ ជើងហោះហើរមួយចំនួនត្រូវពន្យារពេល ឬលុបចោល។ ដោយឡែក ភោជនីយដ្ឋានជាច្រើននៅក្នុងទីក្រុង ក៏ត្រូវងងឹតដោយសារតែដាច់ភ្លើងផងដែរ។ រីឯរថយន្តធុនតូច និងរថយន្តដឹកជញ្ជូនបានជាប់គាំងនៅតាមផ្លូវ។

គួរបញ្ជាក់ថា អ្នកជំនាញផ្នែកអាកាសធាតុនិយាយថា ស្ទើរតែនៅទូទាំងពិភពលោក ព្យុះភ្លៀងបានក្លាយទៅជាបញ្ហាប្រឈមកាន់តែខ្លាំង ដោយសារតែកត្តាប្រែប្រួលអាកាសធាតុ។ បញ្ហានេះកំពុងដាក់ដាក់​បន្ទុក​យ៉ាង​ខ្លាំង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​ដែលមិន​ទាន់មានប្រព័ន្ធការពារ ឬ​ទប់ទល់​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​ជោគជាំ៕