(ប៉េកាំង)៖ “ពួកយើងមានសុទិដ្ឋិនិយមក្នុងរយៈពេលយូរ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន។ ជឿជាក់ថា ស្របនឹងពេល ដែលគោលនយោបាយកាន់តែច្រើន ត្រូវបានដាក់ចេញនិងអនុវត្ត សេដ្ឋកិច្ចចិននឹងរីកចម្រើនទៅរកភាពល្អប្រសើរ ហើយក្រុមហ៊ុន OSIM ក៏នឹងទទួលការអភិវឌ្ឍថែមមួយកម្រិតទៀតផងដែរ”។ បន្ទាប់ពីរដ្ឋាភិបាលចិនបានចេញផ្សាយ ទិន្នន័យសេដ្ឋកិច្ចជាតិ ក្នុងឆមាសទី១ឆ្នាំនេះកាលពីថ្ងៃទី១៥ខែកក្កដា លោកស្រី Wang Minzhi អគ្គនាយករងនៃក្រុមហ៊ុន OSIMដែលជាម៉ាក់ផលិតផលប្រើប្រាស់ ក្នុងគ្រួសារដ៏ល្បីឈ្មោះរបស់សិង្ហបុរី បានថ្លែងដូចពោលខាងលើនេះ។

តើជំនឿចិត្តបែបនេះបានមកពីណា? យើងអាចរកឃើញចម្លើយពីក្នុងទិន្នន័យ។ ឆ្លងតាមរយៈការគណនាជាជំហានដំបូង ផលិតផលក្នុងស្រុកសរុប នៃប្រទេសចិននៅឆមាសទី១ គឺប្រហែលជាង៦១ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ និយាយជារួម គឺផលិតកម្មបានកើនឡើងដោយនឹងនរ តម្រូវការបានស្តារឡើងវិញជាបន្តបន្ទាប់ ហើយកម្លាំងចលករថ្មីបានរីកចម្រើនយ៉ាងលឿន ។ល។ សេដ្ឋកិច្ចចិនបានបន្តនិន្នាការ ទៅរកភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់។

សមិទ្ធផលនេះគឺទទួលបានដោយមិនងាយទេ។ បើមើលពីផ្ទៃអន្តរជាតិ តាំងពីចូលឆ្នាំនេះមក កម្លាំងចលករនៃកំណើន សេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ ការប៉ះទង្គិចផ្នែកភូមិសាស្រ្តនយោបាយ មានភាពកាន់តែតានតឹង ហើយប្រទេសលោកខាងលិច មួយចំនួនបានឃោសនាបំប៉ោងពី "ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច” ជាមួយប្រទេសចិន។ ក្នុងបរិបទបែបនេះ ល្បឿនកំណើននៃផលិតផលក្នុងស្រុកសរុបរបស់ចិន ក្នុងត្រីមាសទី១បានលឿនជាង អង្គភាពសេដ្ឋកិច្ចសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក តំបន់ប្រើប្រាក់អឺរ៉ូនិងជប៉ុនជាដើម។ តាមការប៉ាន់ប្រមាណ នៅឆមាសទី១ឆ្នាំនេះ ល្បឿនកំណើននៃសេដ្ឋកិច្ចចិន នៅតែនាំមុខគេលើផ្ទៃអន្តរជាតិ ហើយនៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់ និងកម្លាំងប្រកបដោយស្ថិរភាព នៃកំណើនសេដ្ឋកិច្ចសកលផងដែរ។

មើលពីក្នុងប្រទេស បើនិយាយចំពោះប្រទេសចិន ដែលជាអង្គភាពសេដ្ឋកិច្ចធំទី២លើទូទាំងពិភពលោក ការសម្រេចបាននូវកំណើន ដោយល្បឿនលឿនបែបនេះ វាមានតម្លៃដ៏វិសេសវិសាល។ ដោយរងឥទ្ធិពលពីកត្តារយៈពេលខ្លី ដូចជាធាតុអាកាសអាក្រក់ជ្រុល និងគ្រោះទឹកជំនន់ជាដើម ល្បឿនកំណើននៃសេដ្ឋកិច្ចចិន ក្នុងត្រីមាសទី២មានការធ្លាក់ចុះខ្លះ ប៉ុន្តែ បើមើលពីរយៈពេលវែង និងមធ្យម និន្នាការទូទៅនៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរនិងមានស្ថិរភាព ក្នុងរយៈពេលយូរមិនកែប្រែទេ។ ឧទាហរណ៍ដូចជានៅត្រីមាសទី២ឆ្នាំនេះ ទ្រង់ទ្រាយនៃសន្ទស្សន៍បរិមាណទូទៅ នៅតែធំណាស់ សន្ទស្សន៍បរិមាណវត្ថុពិត បានកើនឡើងយ៉ាងលឿន ហើយឧស្សាហកម្មថ្មីនិងកម្លាំងចលករថ្មី ត្រូវបានថែរក្សានិងពូនជ្រំជាបន្តបន្ទាប់ ប្រការទាំងនេះសុទ្ធតែបញ្ជាក់ថា សេដ្ឋកិច្ចចិនបន្តដំណើរការដោយនឹងនរ។

ព្រមពេលជាមួយគ្នានេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិន ក៏បាននាំមកនូវកាលានុវត្តភាពថ្មីដល់ ក្រុមហ៊ុនពហុជាតិផងដែរ។ពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងខំប្រឹងយ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងជំរុញយ៉ាងស៊ីជម្រៅ នូវការធ្វើឧស្សាហូបនីយកម្មបែបថ្មី កម្លាំងចលករថ្មីកំពុងបង្កើតឡើងយ៉ាងលឿន។ នៅឆមាសទី១ឆ្នាំនេះ ល្បឿនកំណើននៃតម្លៃបន្ថែម របស់ឧស្សាហកម្មកម្មន្តសាល បានលឿនជាងឧស្សាហកម្មធុនមធ្យម និងធំទាំងអស់ចំនួន២,៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ល្បឿនកំណើន នៃការវិនិយោគឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ លឿនជាការវិនិយោគទាំងអស់ ចំនួន៦,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយបរិមាណនៃផលិតផលវៃឆ្លាត និងបៃតង ដូចជាមនុស្សយន្តដែលផ្តល់សេវា និងរថយន្តថាមពលថ្មីជាដើម បានរក្សាកំណើន២ខ្ទង់ ។ល។ នៅឆមាសទី១ ទំហំនាំចេញរថយន្ត នាវានិងសៀគ្វីរួមបញ្ចូលគ្នាជាដើម នៃប្រទេសចិនសម្រេចបាននូវកំណើនយ៉ាងខ្លាំង ដែលបានជំរុញ រចនាសម្ព័ន្ធនៃពាណិជ្ជកម្ម ជាមួយបរទេសនៃប្រទេសចិន ត្រូវបានកែលម្អជាបន្តបន្ទាប់។

បច្ចុប្បន្ននេះ ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលគន្លឹះនៃការស្តារឡើងវិញ ធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់សេដ្ឋកិច្ច ដដែល ហើយការជំរុញការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ ក៏ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ផងដែរ។ ទន្ទឹមនឹងប្រទេសចិន បំផុសយ៉ាងខ្លាំងនូវកម្លាំងរស់រវើកទីផ្សារ និងកម្លាំងចលករផ្ទៃក្នុង ហើយថែរក្សានិងពូនជ្រំជាបន្តបន្ទាប់ នូវកម្លាំងផលិតកម្មគុណភាពថ្មី ប្រទេសចិនមានជំនឿចិត្តសម្រេចបាន នូវភារកិច្ចពេញមួយឆ្នាំ។ ហើយរឿងរ៉ាវ់ស្តីពី "បើចិនល្អ ពិភពលោកនឹងកាន់តែប្រសើរ” ក៏នឹងបន្តទៅទៀតផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន