(គៀវ)៖ រុស្ស៊ី និងអ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាមម្ខាងៗចំនួន ៩៥នាក់នៅថ្ងៃពុធនេះ ដោយមានការសម្របសម្រួលពីអារ៉ាប់រួម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ទាហានរុស្ស៊ីដែលត្រឡប់មកវិញនឹងត្រូវបញ្ជូនទៅទីក្រុងម៉ូស្គូ ដើម្បីធ្វើការពិនិត្យសុខភាព និងស្តារសុខភាពផ្លូវកាយ និងផ្លូវចិត្តឡើងវិញ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាក់ថា អ្នកទោសអ៊ុយក្រែនដែលត្រូវបានដោះលែង គឺជាសមាជិកនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កងការពារជាតិ និងសេវាកម្មការពារព្រំដែន។ លោកក៏បានថ្លែងអំណរគុណដល់អារ៉ាប់រួម ចំពោះការជួយក្នុងការសម្របសម្រួលនេះ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរអ្នកទោសនេះ គឺជាលើកទី៣ហើយ ក្នុងរយៈពេលប្រាំពីរសប្តាហ៍កន្លងមក។ ការផ្លាស់ប្តូរលើកចុងក្រោយបំផុតដែលកើតឡើងក្នុងខែមិថុនា ក្រោមការសម្របសម្រួលរបស់អារ៉ាប់រួមផងដែរ ដែលនៅពេលនោះ រុស្ស៊ី និងអ៊ុយក្រែនបានប្រគល់អ្នកទោសទៅវិញទៅមកចំនួន ៩០នាក់៕