(ហ្សាការតា)៖ ប្រធានាធិបតីចាំផ្ទះឥណ្ឌូណេស៉ី លោក Joko Widodo ឬ Jokowi នឹងតែងតាំងលោក Thomas Djiwandono ដែលត្រូវជាក្មួយប្រុសរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Prabowo Subianto ឱ្យធ្វើជាអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤។

លោក Sufmi Dasco Ahmad សមាជិកជាន់ខ្ពស់នៃគណបក្ស Gerindra របស់លោក Prabowo បានបង្ហើបអំពីដំណឹង​ខាងលើ ហើយបានបន្ថែមថា លោក Djiwandono នឹងបន្តកាន់តួនាទីជាអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុដដែល នៅពេលលោក Prabowo ឡើងកាន់អំណាចជាផ្លូវការ ក្នុងពេលប៉ុន្មានខែទៀត។ បើតាមលោក Dasco ការតែងតាំងនេះ គឺដើម្បីជួយឱ្យការធ្វើអន្តរកាល​រដ្ឋាភិបាល ពីរដ្ឋបាលរបស់លោក Jokowi ទៅរដ្ឋបាលលោក Prabowo មានភាពរលូន។ លោក Djiwandono នឹងធ្វើការ​ជាមួយ រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៉ី លោកស្រី Sri Mulyani Indrawati។

គួរបញ្ជាក់ថា លោក Djiwandono បានដើរតួនាទីជាអ្នកនាំពាក្យចម្បង របស់លោក Prabowo ពាក់ព័ន្ធគោលនយោបាយ​សារពើពន្ធ ហើយពីមុនមកធ្លាប់បម្រើការងារ ក្នុងក្រុមហ៊ុនមូលបត្រមួយ នៅទីក្រុងហុងកុង និងឱ្យសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៉ី Arsari Group ដែលដឹកនាំដោយប្អូនប្រុសលោក Prabowo គឺលោក Hashim Djojohadikusumo។ មិនតែប៉ុណ្ណោះ លោក Djiwandono ក៏មានឋានៈជាអគ្គហេរញ្ញិក នៃគណបក្ស Gerindra ផងដែរ។ លោក Prabowo នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅខែតុលាខាងមុខ ខណៈអនុប្រធានាធិបតីជាប់ឆ្នោតរបស់លោក គឺត្រូវជាកូនប្រុសច្បងរបស់លោក Jokowi៕