(បាងកក)៖ ក្រសួងការបរទេសថៃ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា សប្តាហ៍ក្រោយរដ្ឋាភិបាលថៃ នឹងជួបជាមួយបណ្តាធនាគារពាណិជ្ជ ក៏ដូចជាទីភ្នាក់ងាររដ្ឋ ដើម្បីស៉ើបអង្កេតទៅលើប្រតិបត្តិការ ដែលត្រូវបានចោទប្រកាន់ថាមានការប្រើ សម្រាប់យកទិញអាវុធដោយរបបសឹកមីយ៉ាន់ម៉ា ព្រមទាំងជំរុញឱ្យមាន ការត្រួតពិនិត្យកាន់តែតឹងរ៉ឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០២៤។

តំណាងខាងធនាគារក្នុងប្រទេសថៃ បានប្រាប់គណៈកម្មាធិការសភា កាលពីសប្តាហ៍មុនថា ពួកគេបានអនុវត្តតាមបទប្បញ្ញត្តិហើយ ប៉ុន្តែខ្វះសមត្ថភាពក្នុងការស៉ើបអង្កេតលើប្រតិបត្តិការទាំងឡាយណា ដែលអាចប្រើសម្រាប់ការទិញអាវុធ។ នេះជាការឆ្លើយតបទៅនឹង សេចក្តីរាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ (UN) ដែលចោទថាមានការផ្ទេរប្រាក់ តាមធនាគារក្នុងស្រុករបស់ថៃ សម្រាប់ការទិញអាវុធនៃរបបសឹកមីយ៉ាន់ម៉ា។

លោក Maris Sangiampongsa រដ្ឋមន្រ្តីការបរទេសថៃ បានប្រាប់សភាថា កិច្ចប្រជុំរបស់ក្រសួងការបរទេស នៅថ្ងៃទី២៤ ខែកក្កដា ខាងមុខ នឹងស្នើឱ្យមានការបញ្ជាក់ថាធនាគារ អាចអនុវត្តតាមដំណើរការបានត្រឹមត្រូវ និងធានាបាននូវការត្រួតពិនិត្យលើ ប្រតិបត្តិការរបស់ពួកគេ។ លោក Maris បានបន្ថែមថា ប្រទេសថៃគ្មានគោលនយោបាយគាំទ្រប្រតិបត្តិការធនាគារ ដែល​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ក៏​មិន​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ លើ​ប្រទេស​មីយ៉ាន់ម៉ានោះ​ដែរ។

គួរបញ្ជាក់ថា Reuters មិនទាន់ទទួលបានការឆ្លើយតបទេ ពីធនាគារពាណិជ្ជចំនួន ៥ នៅក្នុងប្រទេសថៃ ដែលមានឈ្មោះក្នុងបញ្ជីរបស់ UN ជុំវិញការចោទប្រកាន់នេះ។ ចំណែកអ្នកនាំពាក្យយោធានៃរបបសឹកមីយ៉ាន់ម៉ា ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ នៅថ្ងៃព្រហស្បតិ៍នេះ៕