(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលនិយាយថា ខ្លួនកំពុងស៉ើបអង្កេតទៅលើហេតុការណ៍ផ្ទុះមួយ ដែលអាចបង្កឡើងដោយយន្តហោះដ្រូនចំភាគកណ្តាលទីក្រុង Tel Aviv នៅ​ព្រលឹម​ថ្ងៃ​សុក្រនេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែ​មិន​រហូតដល់សំលេងស៉ីរ៉ែនពី​ការវាយប្រហារ​តាម​អាកាស​ បន្លឺឡើងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ ២០២៤។

ការផ្ទុះខាងលើនេះបានកើតឡើង ប៉ុន្មានម៉ោងក្រោយពេលដែលយោធាអ៉ីស្រាអែល បញ្ជាក់ពីការសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុម Hezbollah នៅឯភាគខាងត្បូងនៃប្រទេសលីបង់។ សេចក្តីថ្លែងការណ៍របស់យោធាអ៉ីស្រាអែលបញ្ជាក់ថា តាមការស៉ើបអង្កេតបឋម ការផ្ទុះក្នុងទីក្រុង Tel Aviv បណ្តាលមកពីការធ្លាក់វត្ថុណាមួយដែលបាញ់មកតាមផ្លូវអាកាស ហើយកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់។ ប្រតិបត្តិការល្បាតដើម្បីការការពារដែនអាកាសអ៉ីស្រាអែលកំពុងធ្វើឡើង ប៉ុន្តែគ្មានការដាក់ចេញនូវវិធានការដើម្បីជម្លៀសជនស៉ីវិលនោះទេ។

គួរបញ្ជាក់ថា អ្នកនាំពាក្យយោធានៃក្រុម Houthi របស់យេម៉ែន ដែលត្រូវបានគាំទ្រដោយអ៉ីរ៉ង់ដូច Hezbollah ដែរនោះ បានបង្ហោះសារលើបណ្តាញសង្គម X ថា ក្រុមរបស់ខ្លួននឹងបង្ហាញព័ត៌មានលម្អិត ជុំវិញប្រតិបត្តិការយោធាដែលផ្តោតលើទីក្រុង Tel Aviv។ Hezbollah និង Houthi បានបង្កើនការវាយប្រហារប្រឆាំងអ៉ីស្រាអែល និងគោលដៅលោកខាងលិច ដោយនិយាយថា ជាសកម្មភាពបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងសង្រ្គាមហ្កាហ្សា៕