(ហាណូយ)៖ គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានប្រកាសថា អគ្គលេខាធិការបក្សលោក Nguyen Phu Trong បានទទួលមរណភាពហើយ នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។

ដំណឹងមរណភាពខាងលើធ្វើឡើង បន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក To Lam ដែលជាប្រធានាធិបតីវៀតណាម ត្រូវបានផ្តល់តួនាទីឱ្យឡើងជាមេដឹកនាំស្តីទី ដើម្បីទទួលបន្ទុកដឹកនាំកិច្ចការងាររដ្ឋទាំងឡាយ ជាបណ្តោះអាសន្ន ស្របពេលដែលលោក Trong សម្រាកពីការងារមួយរយៈ ដើម្បីផ្តោតលើការពិនិត្យតាមដាន និងព្យាបាលជំងឺ។ នៅក្នុងប្រទេសវៀតណាម អគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងដែលមាន​អំណាចជាងគេបង្អស់ ខណៈតំណែងប្រធានាធិបតី មិនសូវជាមានឥទ្ធិពលនោះទេ។ រីឯតំណែងពីរផ្សេងទៀត ដែលស្ថិតក្នុងសសរស្តម្ភទាំង៤ នៃរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់វៀតណាម គឺនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា។

លោក Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ ក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយរស់នៅក្នុងឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ លោកគឺជាសាស្ត្រាចារ្យ ម្នាក់ដែលទទួលបានសញ្ញាប័ត្រ បណ្ឌិតផ្នែកនយោបាយ។ លោកបានក្លាយជាសមាជិកបក្សកម្មុយនិស្ដវៀតណាម ដោយបម្រើការឱ្យទស្សនាវដ្ដីរបស់បក្ស គឺ Communist Review ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩៦ ហើយបានក្លាយជានិពន្ធនាយកទស្សនាវដ្ដីនេះក្នុងឆ្នាំ១៩៩៧។ លោកបានក្លាយជាលេខារងនៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ នៅខែសីហា ឆ្នាំ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ១៩៩៨។

ពីខែកុម្ភៈ ឆ្នាំ១៩៩៨ ដល់ខែមករា ឆ្នាំ២០០០ លោក Nguyen Phu Trong ដែលមានជឿស៊ប់លើមនោគមន៍វិជា្ជ ម៉ាក-ឡេនីន (Marxism-Leninism) បានទទួលបន្ទុកលើកិច្ចការ មនោគមន៍វិជ្ជា វប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់គណបក្សកុម្មុយនិស្ដវៀតណាម។ ចាប់ពីខែមករា ឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ២០០៦ លោកបានបម្រើការជាលេខានៃគណៈកម្មាធិការ បក្សប្រចាំទីក្រុងហាណូយ។ នៅចន្លោះពីខែមីនា ឆ្នាំ១៩៩៨ ដល់ខែសីហា ឆ្នាំ២០០៦ លោកបានកាន់តំណែងជាអនុប្រធាន និងជាប្រធានក្រុមប្រឹក្សាទ្រឹស្ដី នៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្ដវៀតណាម។

លោក Nguyen Phu Trong បានក្លាយជាប្រធានសភាវៀតណាមពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១១ ហើយនៅចន្លោះពីខែមករា ឆ្នាំ២០១១ ដល់ខែមករា ឆ្នាំ២០១៦ លោកបានក្លាយជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្ដវៀតណាមនីតិកាលទី១១ និងជាលេខានៃគណៈកម្មការយោធាមជ្ឈិម។ ក្រោយមក លោក Trong បានធ្វើជាអគ្គលេខាធិការបក្សនីតិកាលទី១២ និងលេខាគណៈកម្មការយោធាមជ្ឈិមពីខែមករា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០១៨។ លោក Trong បានកាន់តំណែងជាអគ្គលេខាធិការបក្ស ប្រធានាធិបតី និងលេខានៃគណៈកម្មការយោធាមជ្ឈិមនៅចន្លោះពីខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២១។

ចាប់តាំងពីឆ្នាំ២០២១ មកទល់នឹងលោកទទួលមរណភាព លោក Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សនីតិកាលទី១៣ និងជាលេខាគណៈកម្មការយោធាមជ្ឈិម។ លោក Trong ក៏ធ្លាប់ជាសមាជិកការិយាល័យនយោបាយទី៨ រហូតដល់ទី១៣ របស់បក្សកម្មុយនិស្ដវៀតណាមផងដែរ៕