(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកក្កដា ។ សមិទ្ធផលដ៏សំខាន់បំផុតនៃកិច្ចប្រជុំពេញអង្គលើកនេះ គឺ ពិនិត្យពិភាក្សានិងអនុម័តលើ «សេចក្តីសម្រេចចិត្តរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន» ដោយបានកំណត់យ៉ាងជាក់លាក់ នូវគោលដៅទូទៅ តារាងពេលវេលានិងផែនការគោលនៃការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ហើយបានធ្វើការរៀបចំចាត់ចែងជាប្រព័ន្ធ។ ប្រការនេះបានចង្អុលបង្ហាញទិសដៅ សម្រាប់ជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិនក្នុងដំណើរថ្មី ហើយក៏បានធ្វើឱ្យពិភពលោកមើលឃើញពី ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងឱកាសឈ្នះ-ឈ្នះដែលបានបង្កប់ក្នុងនោះ។

ហេតុអ្វីបានជាត្រូវធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ? បើមើលពីផ្ទៃអន្តរជាតិអាចឃើញថា បច្ចុប្បន្ននេះ ស្ថានការណ៍ភូមិសាស្ត្រខាងនយោបាយ មានភាពស្មុគស្មាញ សេដ្ឋកិច្ចសកលបានងើបឡើងវិញ ដោយកម្លាំងទន់ខ្សោយ ដូច្នេះ ការធ្វើកំណែទម្រង់គឺជាទង្វើដ៏ចាំបាច់ សម្រាប់ឆ្លើយតបនឹងហានិភ័យ និងការសាកល្បងខាងក្រៅ បើមើលពីក្នុងប្រទេសអាចឃើញថា ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន បាននិងកំពុងប្រឈមមុខនឹងទំនាស់និងបញ្ហាដ៏ស្មុគស្មាញជាច្រើន ហើយត្រូវផ្តល់ កម្លាំងចលករដ៏ខ្លាំងក្លា និងការធានាខាងប្រព័ន្ធរបបដល់ការធ្វើទំនើបកម្ម តាមបែបផែនចិន តាមរយៈការធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ បើមើលពីពេលអនាគតអាចឃើញថា ស្របពេលដែលការធ្វើបដិវត្តន៍ផ្នែកបច្ចេកវិទ្យា និងកំណែទម្រង់នៃឧស្សាហកម្មជុំថ្មីទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ការអភិវឌ្ឍរបស់ប្រទេសនានា បាននិងកំពុងប្រឈមមុខ នឹងឱកាសថ្មី ហើយត្រូវក្តាប់ជាប់កាលានុវត្តភាព តាមរយៈការធ្វើកំណែទម្រង់ជាបន្តបន្ទាប់។

សេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកនេះបានកំណត់យ៉ាងច្បាស់ថា គោលដៅទូទៅនៃការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ គឺបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្ម នៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ច ។ អ្នកវិភាគបានលើកឡើងថា ប្រទេសចិនបានប្រកាន់ខ្ជាប់នូវប្រធានបទ ស្តីពីការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ វាមិនត្រឹមតែសម្របទៅតាមតម្រូវការអភិវឌ្ឍន៍ របស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏បានស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការ របស់ប្រជាជនពិភពលោកដែលមានការរំពឹងទុក ខាងការអភិវឌ្ឍនិងសន្តិភាពផងដែរ។ ដូច្នេះហើយ មាគ៌ានៃការផ្តល់ឱកាសថ្មីដល់ពិភពលោក តាមរយៈការអភិវឌ្ឍថ្មីរបស់ចិនក៏កាន់តែច្បាស់ដែរ។

កិច្ចប្រជុំពេញអង្គលើកនេះបានគូសបញ្ជាក់ថា ការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ត្រូវចាត់ទុកកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចជាការណែនាំ ហើយប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ គឺជាការធានាដ៏សំខាន់ នៃការធ្វើទំនើបកម្មតាមបែបផែនចិន។ វិធានការជាច្រើនដែលលើកឡើងដោយ កិច្ចប្រជុំពេញអង្គនេះ ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ នឹងនាំមកនូវកម្លាំងរស់រវើកថ្មីដល់ការប្រកបអាជីវកម្ម របស់ទុនបរទេសនៅក្នុងប្រទេសចិន។

ការបើកទូលាយជាសញ្ញាដ៏លេចធ្លោនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ការជំរុញកំណែទម្រង់និងការអភិវឌ្ឍតាមរយៈ ការបើកទូលាយគឺជាការអនុវត្តដោយជោគជ័យរបស់ប្រទេសចិន ហើយក៏បានផ្តល់ជាទស្សនៈនិងផែនការ ក្នុងការកសាងសេដ្ឋកិច្ចសកលលោក បែបបើកទូលាយដល់ពិភពលោកផងដែរ។ ពិភពលោកអាចទទួលអារម្មណ៍យ៉ាងច្បាស់ថា ទ្វាររបស់ចិននឹងបើករឹតតែធំទូលាយ ហើយស្វាគមន៍ប្រទេសនានាទទួលឱកាសអភិវឌ្ឍន៍ តាមរយៈ "រថភ្លើងល្បឿនលឿន" នៃការអភិវឌ្ឍរបស់ចិន។

បើមើលឱ្យកាន់តែស៊ីជម្រៅអាចឃើញថា សមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់របស់ប្រទេសចិន ក្នុងការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយព្រម និងការរៀបចំចាត់ចែងចំពោះការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ សុទ្ធតែបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសណាមួយសម្រេចបាននូវការធ្វើទំនើបកម្ម វាមិនមែនមានតែផ្លូវរូបមន្តរបស់លោកខាងលិចតែមួយគត់ទេ បណ្តាប្រទេសនានាអាចដើរតាមផ្លូវអភិវឌ្ឍន៍ ដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដោយឥតឈប់ឈរបានបន្ថែមជម្រើស របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការដើរឆ្ពោះទៅរកការធ្វើទំនើបកម្មរបស់ខ្លួន ដែលបានផ្តល់ជាផែនការចិនសម្រាប់មនុស្សជាតិ ក្នុងការស្វែងរករបបសង្គមកាន់តែល្អប្រសើរ។

កំណែទម្រង់និងការបើកទូលាយនឹងមិនបញ្ឈប់ជាដរាប។ ការធ្វើទំនើបកម្មតាមបែបផែនចិន គឺត្រូវបានជំរុញជាបន្តបន្ទាប់ ក្នុងដំណើរកំណែទម្រង់និងបើកទូលាយរបស់ខ្លួន ហើយវាក៏មុខជានឹងត្រួសត្រាយអនាគតដ៏ទូលំទូលាយ ក្នុងដំណើរកំណែទម្រង់ និងបើកទូលាយជាក់ជាមិនខាន ដើម្បីធ្វើឱ្យពិភពលោកអាចចែករំលែកភាគលាភនៃ ”ឳកាសចិន” កាន់តែច្រើន៕

វិទ្យុមិត្តភាពកម្ពុជាចិន